website_news:2021120501

ការបង្ក្រាបការជួញដូរមនុស្សនៅដើមឆ្នាំនេះមានការកើនឡើង ខណៈមានការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កា់តការឆ្លងកូវីដ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 11 May 2021 | 13:28 ICT

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២១ សមត្ថកិច្ច បង្ក្រាបបទល្មើសជួញដូរមនុស្សបានចំនួន ៨៥ ករណី គឺមានការកើនឡើង ៦០ ករណី បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈមានការរឹតបន្តឹង ការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។

រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១១ ឧសភានេះថា ក្នុងត្រីមាសទី១ នេះការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ក្នុងអំឡុងពេលកូវីដ១៩ ពុំមានការថយចុះឡើយ ប្រើប្រៀបកាលពីឆ្នាំ ២០២០ ដែលមានត្រឹមតែ ២៥ ករណីប៉ុណ្ណោះ។ លោកស្រីថា៖ «ក្នុងត្រីមាសទី១ ការជួញដូរមនុស្សអត់ថយចុះទេ ទិន្នន័យនៃការបង្ក្រាប និងចោទប្រកាន់រយៈពេល ៣ ខែ យើងបង្ក្រាបបាន ៨៥ ករណី ក្នុងចំណោម ៨៥ ករណី ភាគច្រើននាំចេញឆ្លងដែនខុសច្បាប់ដែលចូលទៅក្នុងបទអំពើជួញដូរមនុស្ស»។ មូលហេតុនៃការកើនឡើងអំពើជួញដូរមនុស្សក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ គឺដោយសារកត្តាការយល់ដឹងរបស់ពលរដ្ឋ ខណៈមេខ្យល់បានឆ្លៀតឱកាសកេងចំណេញ។លោកស្រីបញ្ជាក់ថា៖ «នៅពេលយើងកំពុងជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ មេខ្យល់បានឆ្លៀតឱកាសជាពិសេសប្រជាពលរដ្ឋគាត់ខ្វះការយល់ដឹង មួយវិញទៀតដោយសារតែមានមេខ្យល់ជួញដូរនេះឯង ព្រោះគាត់រកផលចំណេញពីការជួញដូរនេះ អ៊ីចឹងនៅពេលដែលឱកាសគាត់មាន គាត់ធ្វើសកម្មភាព»។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលក៏ដូចជាស្ថាប័នសាមីបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ ករណីនេះ និងបានធ្វើសកម្មភាពជាច្រើន ក្នុងការរក្សាស្ថិរភាព ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យពួកគាត់មានការព្រួយបារម្ភក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩។ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ទៀតថា៖ «យើងបានជម្រាបគាត់ (ពលករចំណាកស្រុក) ហើយតាំងពីគាត់ត្រឡប់មកវិញលើកដំបូងនៅចុងឆ្នាំ ២០១៩ ដើមឆ្នាំ ២០២០ គឺយើងណែនាំគាត់ថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេសនាពេលនេះ មិនមែនស្ថិតនៅក្នុងស្ថានភាពដូចធម្មតាទេ ពីព្រោះពេលនេះមិនត្រឹមតែប្រឈមឆ្លងកូវីដ ១៩ ទេ អាចអត់ការងារធ្វើនៅប្រទេសគោលដៅដែលយើងចង់ទៅ»។ ពីព្រោះរឿងនេះវាពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដូច្នេះហើយនៅប្រទេសគោលដៅក៏គេកំពុងរឹតបន្តឹង ដោយមិនអនុញ្ញាតឱ្យមានការចល័តសូម្បីតែនៅក្នុងប្រទេស រហូតបិទព្រំដែន បិទខេត្ត ដូចជានៅប្រទេសថៃ គេមានវិធានការច្រើន។ លោកស្រី ប៊ុនអ៊េង ឱ្យដឹងថា មេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទសថៃ និងមានការឆ្លងដែនខុសច្បាប់មួយៗទៅប្រទេសចិន ដោយឆ្លងតាមព្រំដែនប្រទេសវៀតណាម។

អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការងារនៃអង្គការសង់ត្រាល់ (CENTRAL)លោក ឃុន ថារ៉ូ មើលឃើញថា ខណៈពេលដែលកម្ពុជារងវិបត្តិកូវីដ១៩ គួបផ្សុំអត្រាអត់ការងារធ្វើ ទើបធ្វើឱ្យពលរដ្ឋចង់ស្វែងរកការងារធ្វើនៅប្រទេសជិតខាង តាមរយៈការបញ្ចុះបញ្ចូលពីមេខ្យល់ដែលមានជំនាញនេះ។ លោកបញ្ជាក់ថា៖ «ក្រុមមេខ្យល់ដែលមានឯកទេសជំនាញក្នុងការធ្វើរឿងនេះ យកឱកាសកូវីដ ឈានដល់ការជួញដូរមនុស្ស ហើយទម្រង់នៃការជួញដូរ គឺការជួញដូរនៃកម្លាំងពលកម្មដែលមេខ្លោងសន្យាជួយរកការងារឱ្យធ្វើទើបនាំឱ្យមានការធ្វើចំណាកស្រុក»។ យ៉ាងនេះក្តី លោកជំរុញឱ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ចំពោះមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ ដើម្បីកាត់បន្ថយការឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស។ លោកបន្ថែមថា៖ «ករណីជួញដូរមនុស្សនេះ សមត្ថកិច្ចត្រូវមានវិធានការអនុវត្តច្បាប់តឹងរ៉ឹងត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរទៅដល់ជនប្រព្រឹត្ត វាអាចជាសារមួយបង្ហាញទៅជនល្មើសផ្សេងៗទៀត ដែលមានចេតនាប្រព្រឹត្ត ឬបាននិងកំពុងប្រព្រឹត្តអាចមានការកាត់បន្ថយសកម្មភាពពួកគេ»។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីចុងខែមេសាឆ្នាំ ២០២១ បានណែនាំឱ្យអគ្គស្នងការនគរបាលជាតិត្រូវសហការជាមួយបណ្តាខេត្តដែលនៅជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប បណ្តាញមេខ្លោង និងមេខ្យល់ក្នុងប្រទេស ដែលធ្វើសកម្មភាពនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់។ការណែនាំនេះត្រូវបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃនៅតែកត់សម្គាល់ឃើញមានករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេស ឆ្លងកាត់ព្រំដែនដោយខុសច្បាប់នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះ ក៏មានករណីមួយចំនួនមានក្រុមមេខ្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេខ្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ៕

website_news/2021120501.txt · Last modified: 2021/05/13 12:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki