website_news:2021120801

កំពង់ឆ្នាំងត្រៀមមណ្ឌលចត្តាឡីស័កចំនួន១១កន្លែង សម្រាប់ពលករខ្មែរវិលត្រឡប់ មកពីប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១០ សីហា ២០២១ដោយ Kang Tola

កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង បានត្រៀមទីតាំងចំនួន១១កន្លែង នៅក្នុងក្រុងស្រុកទាំង៨ ដើម្បីរៀបចំជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក។ នេះបើតាមការបញ្ជាក់របស់លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១០ ខែសីហា នេះ។

លោក អម សុភា អភិបាលរង បានបញ្ជាក់ទៀតថា ក្រៅពីរៀបចំជាមណ្ឌលចត្តាឡីស័ក នៅទូទាំងខេត្តកំពង់ឆ្នាំង មានក៏រៀបចំមណ្ឌលព្យាបាលចំនួន៦កន្លែងផងដែរ។ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលតាមរាជធានីខេត្ត ដើម្បីទទួលពលករខ្មែរមកពីប្រទេសថៃ ដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និង មន្ទីរអង្គភាពជុំវិញខេត្ត តាមប្រព័ន្ធវីដេអូ zoom កាលពីព្រឹកថ្ងៃទី១០ ខែសីហានេះ លោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក៏ជំរុញដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទាំងអស់ ត្រូវរៀបចំ គ្រែ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី បន្ទប់ទឹកនៅតាមមណ្ឌលចត្តាឡីស័ក និង មណ្ឌលព្យាបាល នីមួយៗ ដើម្បីត្រៀមឲ្យបានរួចជាស្រេច សម្រាប់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក ចូលក្នុងមូលដ្ឋានវិល។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា បានសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ ឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ត្រូវផ្តល់ការគាំទ្រឲ្យបានពេញទំហឹង តាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារ និងថវិកា ដើម្បីជួយដល់បណ្តារាជធានី ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩៕ អត្ថបទ ៖ ពុធិកា

website_news/2021120801.txt · Last modified: 2021/08/12 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki