website_news:2021120809

ពលករចាស់ក្រៅខេត្ត កំពុងស្នាក់នៅព្រំប្រទល់ នៃខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅ ធ្វើចត្តាឡីស័កនៅខេត្តសាមី

https://cen.com.kh/ Posted ByPen Srey NeatAugust 11, 2021

បាត់ដំបង ៖ ស្របពេលថ្ងៃត្រូវបើកច្រកទ្វារព្រំដែនឡើងវិញ បន្ទាប់ពីបានធ្វើការបិទខ្ទប់ អស់រយៈពេលជិត១៤ថ្ងៃកន្លងមក ហើយដើម្បីជួយសម្រួល និងរង់ចាំទទួលពលករថ្មី ដែលត្រូវវិលមកវិញ ក្នុងពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុកទាំង៣ នៅជាប់ព្រំដែន មានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន រួមនឹងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការពិនិត្យសម្រួលពលករចាស់ ដែលបានចូលមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក ដើម្បីដឹកជញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កបន្តនៅខេត្តសាមី ជាបន្តបន្ទាប់ ។

អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានប្រាប់ឱ្យដឹងថា ពលករចាស់ក្រៅខេត្ត ដែលបាននិងកំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក នៅស្រុកជាប់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង កំពុងតែដឹកជញ្ជូនបន្តទៅខេត្តសាមីហើយ។ លោកបានបញ្ជាក់ថា ខេត្តបាត់ដំបង បានបញ្ជូនពលករចាស់មានទីលំនៅរស់នៅក្រៅខេត្ត ដែលត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃទៀត ក្រោយពីធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ពលករទាំងនោះធ្វើការដឹកជញ្ជូនទៅខេត្តសាមី បានចំនួនសរុប៤៩នាក់ហើយ និងនៅសល់ពលករក្រៅខេត្តកំពុងនៅក្នុងមណ្ឌលមានចំនួន១០៤នាក់ និងពលករ ដែលមានទីលំនៅក្នុងខេត្តបាត់ដំបងផ្ទាល់មានចំនួន៦៣៥នាក់ ។ លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ទៀតថា ពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក គឺជាពលករមិនទាន់គ្រប់រយៈពេលធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ និងថែមរយៈពេល៧ថ្ងៃទៀត សរុបរយៈពេលនៃការធ្វើចត្តាឡីស័កចំនួន២១ថ្ងៃ លើកលែងតែពលករក្រៅខេត្តពេលគ្រប់រយៈពេល១៤ថ្ងៃ យកសំណាកផ្ញើទៅភ្នំពេញ បើបានលទ្ឋផលអវិជ្ជមាន និងធ្វើតេស្តរហ័ស មុនឡើងរថយន្តកងទ័ព លទ្ឋផលអវិជ្ជមានទៀតទើបបញ្ជូនទៅកាន់គោលដៅខេត្តសាមី បន្តធ្វើចត្តាឡីស័ក៧ថ្ងៃបន្ថែមទៀតនៅខេត្តសាមីនោះ។

លោក អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងទៀតថា ដោយឡែកពលករក្រៅខេត្ត ដែលនៅខេត្តជាប់គ្នានៅតាមព្រំដែន មិនធ្វើការដឹកជញ្ជូនចេញទេ ទុកដល់រយៈពេល២១ថ្ងៃ ហើយអនុវត្តការយកសំណាកទៅភ្នំពេញ រង់ចាំលទ្ឋផល និងធ្វើតស្តរហ័សម្តងទៀតមុនចេញដំណើរ ។ តាមរយៈនេះដែរ លោក សឿម ប៊ុនរិទ្ធិ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការចូលរួមអនុវត្តវិធានការសុវត្ថិភាព ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនាពេលខាងមុខ ដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងជំងឺកូវីដ១៩ ដោយគ្មានសម្រាកដៃនោះឡើយ ៕ រក្សាសិទ្ធិដោយ៖CEN

website_news/2021120809.txt · Last modified: 2021/08/12 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki