website_news:2021121001

ពលករខ្មែរ លួចឆ្លងដែន១០នាក់ ត្រូវឃាត់ខ្លួនដោយកងកម្លាំងតំបន់ ប្រតិបត្តិការសឹក រងបន្ទាយមានជ័យ

https://dap-news.com/ ByTR110 Posted on October 10, 2021

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បាន ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែន ទប់ស្កាត់ពលករលួចឆ្លងដែនជាពិសេស បានចាត់តាំងកម្លាំងចុះស៊ើបអង្កេត ស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច ជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្តែង នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅចំណុច ភូមិប្រសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានពលករខ្មែរ ចំនួន ១០នាក់ ស្រី ចំនួន ២នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក អនុសេនីយ៍ឯក ហេង វ៉ា មេក្រុមគោលដៅ ខណៈលោកដឹកនាំល្បាតក៏បានជួបនឹងពលករ ក៏ឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន លោក មេក្រុមគោលដៅបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ ដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕

website_news/2021121001.txt · Last modified: 2021/10/12 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki