website_news:2021121005

ពលករចំនួន២០នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន

http://nokorwatnews.com/ 11-10-2021

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន២០ នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងចម្រុះធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្បាលទំនប់ ភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកសួរនាំ និងបានប្រគល់ជូនកម្លាំងជំនាញដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឱ្យពង្រឹងការល្បាតតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោងដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣ និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕

website_news/2021121005.txt · Last modified: 2021/10/12 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki