website_news:2021121006

ឃាត់ខ្លួនជនជាតិថៃ ៧ នាក់ មកពីខេត្តមួយចំនួន ប្រុងឆ្លងដែនទៅធ្វើការនៅកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃចន្ទ ១១ តុលា ២០២១ដោយ Sorn Phanith

ជនជាតិថៃចំនួន ៧ នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ ត្រូវកម្លាំងយោធាថៃ ក្នុងកងរយលេខ ១២ សហការជាមួយតម្រួតព្រំដែនលេខ ៤ ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេកំពុងក្រាបក្នុងរថយន្ត ដើម្បីត្រៀមឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការឃាត់ខ្លួនជនជាតិថៃទាំង ៧ នាក់ នេះ គឺបានធ្វើឡើង នៅវេលាម៉ោង៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នៅពេលដែលកម្លាំងសមត្ថកិច្ចថៃកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាករ៉ូលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៥៧១៨ ដែលបានចតស្ងៀម ត្រង់ចំណុចក្បែរបន្ទាត់ព្រំដែន ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ (ដោយអ្នកបើកបររត់គេចខ្លួន)។

ក្រោយពីកម្លាំងចូលទៅពិនិត្យគឺឃើញមានជនជាតិថៃចំនួន ៧ នាក់ ស្រី៤នាក់ ដែលខ្លះអង្គុយក្នុងរថយន្ត និងខ្លះទៀតបានដេកក្រាបនៅក្នុងឃ្លុបខាងក្រោយរថយន្ត ។ ក្រោយពីកម្លាំងបានសាកសួររួចមក ជនជាតិថៃទាំងអស់ បានសារភាពថា ពួកគេទាំងអស់ គឺមកពីខេត្តស្រះកែវចំនួន ២ នាក់ ខេត្តណុនថ:បុរី ១ នាក់ ខេត្តខនកែន ១ នាក់ ខេត្តអ៊ូប៊ុនរ៉ាតថានី ១ នាក់ និងទីក្រុងបាងកក ចំនួន ២ នាក់ ដោយមានបំណងឆ្លងដែនទៅធ្វើការក្នុងកាស៊ីណូ អនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថាបានប្រាក់ខែខ្ពស់ តែនៅពេលពួកគេមកដល់ក្បែរព្រំដែន តែក៏ត្រូវចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេលដែលក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តតាមវិធានការច្បាប់៕ សោ និយមរ័ត្ន

website_news/2021121006.txt · Last modified: 2021/10/12 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki