website_news:2021121102

៩ខែឆ្នាំនេះ ពលករខ្មែរជាង៣៥០០នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ទៅថៃ

https://www.vodkhmer.news/ លោក ឃុត សុគន្ធ| ០៩ វិច្ឆិកា ២០២១ម៉ោង ១៨:២៦

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១នេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះពលករខ្មែរបានជាង៣៥០០នាក់ បន្ទាប់ពីពួកគេបានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ពលរដ្ឋខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ជាង៣៥០០នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់និងជួយសង្គ្រោះមកកម្ពុជាវិញនោះ ភាគច្រើនជាពលករដដែលៗ។ អ្នកនាំពាក្យរូបនេះបន្តថា អាជ្ញាធរកម្ពុជាតែងតែណែនាំនិងជួយពន្យល់ដល់ពលករទាំងនោះអំពីផ្លូវច្បាប់ និងបញ្ហាប្រឈមនានាពេលដែលពួកគេលួចឆ្លងដែនខុសច្បាប់ ប៉ុន្តែពួកគេមិនបានស្ដាប់ ហើយនៅតែបន្តលួចឆ្លងដែនទៅប្រទេសថៃម្ដងហើយម្ដងទៀត។ លោកបន្ថែមថា៖ «ពេលដែលជួយសង្គ្រោះបាន អគ្គកុងស៊ុលយើងតែងតែនិយាយពន្យល់ពួកគាត់ និងបានជួយសង្គ្រោះដោយបញ្ជូនគាត់ត្រលប់មកវិញ។ ពេលខ្ លះឃើញគាត់ត្រលប់ទៅវិញទៀត គេឃាត់ខ្លួនទៀតទៅ។ ពេលខ្លះ ច្រើនជាពលករដដែលទេ»។ បើតាមលោក កុយ គួង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន៤៩នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅជួយអន្តរាគមន៍និងបញ្ជូនពួកគេមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអូរបីជាន់ និងច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃដដែល និងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា កត្តាដែលជំរុញពលករខ្មែរបន្តប្រថុយប្រថានឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃទាំងខុសច្បាប់ គឺដោយសារជីវភាពរបស់ពួកគេក្រីក្រ កង្វះការងារនៅក្នុងស្រុក ប្រាក់ឈ្នួលការងារនៅក្នុងស្រុកតិចពេក និងការអូសទាញពីមេខ្យល់ ជាដើម។ លោកផ្ដល់ជាយោបល់ថា៖ «ខ្ញុំយល់ឃើញថា ដើម្បីកុំឱ្យបងប្អូនប្រថុយប្រថានគ្រោះថ្នាក់ដូចពេលនេះ គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរគួរមានវិធានការណាមួយ ដើម្បីសម្របសម្រួលដល់បងប្អូនពលករខ្មែរយើងដែលចំណាកស្រុកមករកការងារធ្វើនៅប្រទេសថៃហ្នឹង ឱ្យពួកគាត់មានសុវត្ថិភាព កុំឱ្យពួកគាត់មានបញ្ហា ដូចជាគេចាប់ដូចបច្ចុប្បន្ននេះ។ មួយវិញទៀត គួរតែធ្វើច្បាប់ណាមួយឱ្យពួកគាត់បានចូលមកដោយស្របច្បាប់។ យើងឃើញហើយ រហូតមកដល់ពេលនេះ មិនទាន់មានវិធានការណាមួយ ដើម្បីជួយឱ្យពួកគាត់ចូលមកដោយស្របច្បាប់នៅឡើយទេ នៅអំឡុងពេលជំងឺកូវីដ-១៩នេះ»។

សង្គមស៊ីវិលដែលធ្វើការផ្ដោតលើសិទ្ធិពលករចំណាកស្រុក ក៏ធ្លាប់បានលើកឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ដែរថា កង្វះខាតការងារក្នុងស្រុក និងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសថៃ ស្របពេលរដ្ឋាភិបាលថៃផ្ដល់ភាពស្របច្បាប់ដល់ពលករអន្តោប្រវេសន៍ជាថ្មីផងនោះ កំពុងជំរុញកំណើនពលករខ្មែរឱ្យប្រថុយប្រថានឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ។ បើតាមប្រភពពីក្រសួងការបរទេសកម្ពុជាវិញ ឱ្យដឹងកន្លងមកថា មានពលរដ្ឋខ្មែរប្រមាណ១លាននាក់ កំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃ។ តួលេខនេះ គឺតិចជាងការប៉ាន់ប្រមាណរបស់អង្គការសង់ត្រាល់ ដែលថា ពលរដ្ឋខ្មែរប្រមាណជិត២លាននាក់កំពុងរស់នៅនិងធ្វើការក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ ទាំងស្របច្បាប់ និងមិនស្របច្បាប់៕

website_news/2021121102.txt · Last modified: 2021/11/12 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki