website_news:2021121103

ពលករខ្មែរ៣៧នាក់អស់លុយហើយ មេខ្យល់យកទៅប្លុងចោលក្នុងព្រៃត្រូវទាហានឈុតខ្មៅថៃ ឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃពុធ ១០ វិច្ឆិកា ២០២១ ដោយ Kang Tola

បន្ទាយមានជ័យ ៖ ពលករខ្មែរ៣៧នាក់អត់បាយអត់ទឹកនៅពេញព្រៃក្នុងទឹកដីថៃ ក្នុងនោះអស់លុយហើយថែមទាំងចាញ់បោកមេខ្យល់យកទៅប្លុងចោលក្នុងព្រៃត្រូវទាហានឈុតខ្មៅនៃកងអនុសេនាធំលេខ១២.០៦របស់ថៃឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចសយស៊ី (សយ៤) ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហានព្រានឈុតខ្មៅថៃកងអនុសេនាធំលេខ១២.០៦ បានផ្តល់ព័ត៌មានមកថា ក្រុមរបស់ខ្លួនបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣៧នាក់ក្នុងនោះមាន ស្រី១៩នាក់ បានលួចឆ្លងដែនទៅរកការងារនៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ ត្រូវបានទាហានឈុតខ្មៅថៃកងអនុសេនាធំលេខ១២.០៦ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃដើម្បីមានវិធានការបន្ត។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករទាំង៣៧នាក់នោះ បាននិយាយថា ក្រុមខ្លួនបានចាញ់បោកមេខ្យល់ថា និងជូនក្រុមខ្លួនទៅប្រទេសថៃដើម្បីរកការងារធ្វើក្នុងការជូននោះបង់ឲ្យមេខ្យល់ជូនក្នុងម្នាក់ ១.០០០បាត ក្រោយពីជូនដល់ចំណុចក្នុងទឹកដីថៃព្រំដែន កម្ពុជាថៃ ដោយឃើញមានទាហានឈុតខ្មៅនៃកងអនុសេនាធំលេខ១២.០៦របស់ថៃកំពុងល្បាតតាមព្រំដែនមេខ្យល់ក៏គេចខ្លួនបាត់។ លោកបានធ្វើការអំពាវនាវដល់ បងប្អូនពលករទាំងអស់ គួរឲ្យគិតនិងពិចារណាឲ្យបានដិតដល់មុននិងឲ្យមេខ្យល់ជូនទៅថៃ ព្រោះមេខ្យល់ជូនឆ្លងដែន ខុសច្បាប់ ទាំងប្រថុយប្រថានផងដែរ៕ ដោយ ៖ វ៉ាន ណាង

website_news/2021121103.txt · Last modified: 2021/11/12 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki