website_news:2021121104

អត្ថាធិប្បាយ៖ ហេតុអ្វីពលរដ្ឋខ្មែរ នៅបន្តឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ?

https://kohsantepheapdaily.com.kh/ ភ្នំពេញ ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ២២:២៥

ខេត្តបន្ទាយមានជ័យ៖ ទោះបីជាក្នុងពេលឆ្លងរាលដាលកូវីដ១៩ ហើយរហូតដល់ពេលនេះ កូវីដមិនទាន់បាត់ឆ្លង ទាំងនៅកម្ពុជា និងទាំងនៅប្រទេសថៃ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងច្រើននាក់ នៅតែបន្តលួចឆ្លងដែនខុសច្បាប់។ ការប្រថុយនឹងគ្រោះថ្នាក់ ទាំងផ្លូវច្បាប់ និងទាំងការឆ្លងជំងឺកូវីដ១៩ តាមរយៈការលួចឆ្លងដែនខុសច្បាប់នេះ គឺមានបំណង ដើម្បីទៅរកការងារធ្វើ ក្នុងទឹកដីថៃ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរចំនួន ៣០នាក់ ដែលបម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ទប់ស្កាត់មិនឲ្យឆ្លងដែនដោយខុសច្បាប់នោះទេ។ អ្នកទាំងនោះ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិឣភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោយមកបន្តិច កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក៏សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ កងអនុសេនាតូចទី៣ បានល្បាតក្នុងភូមិសាស្ត្រ និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត ជាមេខ្យល់ ក្នុងករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ។ មេខ្យល់រូបនេះ បានសារភាពថា ខ្លួនគេធ្លាប់បានដឹកមនុស្សឆ្លងដែន ទៅប្រទេសថៃ ចំនួន ២លើករួចមកហើយ។

ដោយឡែក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរ ដែលបានលួចឆ្លងដែន ចូលទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន ៥៥នាក់ (ស្រី ១៩នាក់)។ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានថៃ ចាប់ខ្លួន នៅភូមិថាប់ភិកណយ ឃុំថាប់ភិក និងភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ និងក្នុងខេត្តបាត់ដំបង។ ដំណឹងនៃការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ចេញចូលទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើនេះ បានកើតឡើងយូរមកហើយ ពិសេសទោះជាក្នុងពេលកូវីដ ឆ្លងរាតត្បាតខ្លាំង ទាំងនៅកម្ពុជាយើង និងទាំងនៅប្រទេសថៃ ក៏ដោយ។ នៅពេលនេះទៀត កូវីដមិនទាន់បាត់ឆ្លងផង ក៏មានពលរដ្ឋខ្មែរយើងទាំងក្រុមៗ បន្តលួចឆ្លងដែន ចូលប្រទេសថៃ ហើយទោះជាមានអ្នកឆ្លងប៉ារាស់រួចពីទឹកដីកម្ពុជាយើង តែក៏នៅត្រូវអាជ្ញាធរសមត្ថកិច្ចថៃ ស្ទាក់ចាប់បានច្រើននាក់។

ការបន្តផ្សងព្រេង ប្រថុយនឹងគ្រោះថ្នាក់ ទាំងឆ្លងកូវីដ និងទាំងគ្រោះថ្នាក់ផ្លូវកាយ ដល់អាយុជីវិតផងនេះ ក៏ដើម្បីតែរកការងារធ្វើ បានប្រាក់ចិញ្ចឹមគ្រួសារ។ ការងារនៅប្រទេសថៃ ទទួលកម្រៃច្រើនជាងនៅស្រុកយើង ហើយនៅថៃ ក៏សំបូរការងារធ្វើ ខណៈដែលអ្នកឆ្លងដែនទាំងនោះ រកការងារមិនបានធ្វើ ឬក៏មិនធ្វើការងារក្នុងស្រុក ដែលទទួលកម្រៃតិចជាង នៅប្រទេសថៃ ជាដើម។ ពេលនេះ ទោះជាត្រូវប្រឈមនឹងការឆ្លងកូវីដ តែក្រុមអ្នកឆ្លងដែន សុខចិត្តប្រថុយ ជាជាងស្លាប់ ដោយសារតែមិនមានចំណូល និងមិនមានការងារធ្វើ បើបន្តដេកនៅស្រុកកំណើត។ ម្យ៉ាងការលួចឆ្លងដែននេះ ម្នាក់ៗ ត្រូវចំណាយលុយឲ្យមេខ្យល់ ដែលជាអ្នកនាំផ្លូវប្រមាណ ៥០០០បាត ស្មើប្រមាណ ១៥០ដុល្លារ ក្នុងម្នាក់ៗ ថែមទៀត។

ដូច្នេះដើម្បីដោះស្រាយករណីពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃនេះ ទាមទារឲ្យអាជ្ញាធរសមត្ថកិច្ច ពិសេសរាជរដ្ឋាភិបាល ដាក់ចេញនូវផែនការច្បាស់លាស់ ដោះស្រាយ និងបង្កើតការងារធ្វើនៅតាមស្រុកភូមិ ឲ្យកាន់តែច្រើនជាងសព្វថ្ងៃ។ រីឯការងារ និងមុខរបរមួយចំនួន ពិសេសការងារប្រើកម្លាំង ដូចជា ការងារសំណង់ ធ្វើស្រែចំការ ការងារក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលមិនត្រូវការជំនាញ ជាដើម ត្រូវចេញច្បាប់ហាមឃាត់ មិនឲ្យជនបរទេស ធ្វើឡើយ។ ទុកការងារទាំងនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ប្រាក់ឈ្នួល ក៏ត្រូវទទួលបានសមរម្យ ដោយមិនចាំបាច់ដល់ថ្នាក់ដូចការងារក្នុងប្រទេសថៃទេ តែក្រោមបន្តិចបន្តួច ក៏បានដែរ។

មួយវិញទៀត អាជ្ញាធរសមត្ថកិច្ចយើង បើថា មិនអាចបង្កើតការងារឲ្យច្រើននៅតាមស្រុកភូមិទេ ក៏ត្រូវតែរៀបចំធ្វើយ៉ាងណា ឲ្យពលរដ្ឋខ្មែរយើង ដែលឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស ពិសេសនៅប្រទេសថៃ ត្រូវចេញចូលដោយស្របច្បាប់។ ពោលគឺចុះស្រង់តាមស្រុកភូមិ តាមខ្នងផ្ទះតែម្តង ចំពោះអ្នកចង់ទៅធ្វើការនៅក្រៅប្រទេស ត្រូវរៀបចំឲ្យមានលិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតឲ្យធ្វើការតែម្តង ដោយសហការជាមួយភាគីថៃ។ ធ្វើដូច្នេះ យើងអាចគ្រប់គ្រងអ្នកឆ្លងដែន ហើយក្នុងពេលកូវីដនេះ ក៏យើងអាចការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺបាន តាមរយៈការចេញចូលតាមច្រកព្រំដែនផ្លូវការ និងឆ្លងកាត់ការត្រួតពិនិត្យ និងការធ្វើចត្តាឡីស័កត្រឹមត្រូវ។

កន្លងមក ដោយសារតែបែបបទនៃការធ្វើលិខិតឆ្លងដែន និងប័ណ្ណការងារ លំបាក ហើយចំណាយលុយច្រើន គួបផ្សំនឹងពលរដ្ឋមួយចំនួន មិនយល់ដឹងផង ក៏កើតជាការលួចលាក់ឆ្លងដែន ដែលប្រឈមនឹងគ្រោះថ្នាក់ផ្លូវកាយ សន្តិសុខផង និងពិសេសប្រឈមនឹងការឆ្លងកូវីដថែមទៀត។ រីឯការគ្រប់គ្រងអ្នកចំណាកស្រុកទាំងនោះ ក៏លំបាក និងមិនអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានឡើង បើមានអ្នកលួចឆ្លងដែនដូច្នេះ។ ដោយឡែក ពលរដ្ឋខ្មែរ អ្នកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ក៏ត្រូវតែបញ្ឈប់ការលួចលាក់ ឆ្លងដែនខុសច្បាប់ ឬទៅតាមគ្នា តាមមេខ្យល់។ រកវិធីចូលធ្វើការដោយស្របច្បាប់ តាមរយៈទីភ្នាក់ងារក្រុមហ៊ុន ឬក៏អាជ្ញាធរសមត្ថកិច្ច នៅតាមខេត្តជាប់ព្រំដែន ដោយត្រូវមានលិខិតឆ្លងដែន និងបណ្ណធ្វើការងារត្រឹមត្រូវ។ បើបន្តទៅលួចលាក់ខុសច្បាប់ទៀត មិនត្រឹមតែប្រឈមគ្រោះថ្នាក់ទេ តែអស់ទាំងលុយ ហើយបើត្រូវអាជ្ញាធរសមត្ថកិច្ចព្រំដែនទាំងខាងខ្មែរយើង និងទាំងនៅខាងប្រទេសថៃ ស្ទាក់ចាប់បាន ដូចព័ត៌មានចុះផ្សាយជាហូរហែ គឺទៅមិនដល់កន្លែងធ្វើការ តែត្រូវអស់លុយ ដែលបានបង់ឲ្យមេខ្យល់។ ម្យ៉ាងទៀត ក៏គួរតែរកការងារធ្វើក្នុងស្រុក ដែលសព្វថ្ងៃ មិនថា ក្នុងវិស័យសំណង់ ឬក៏វិស័យកសិកម្មនោះទេ គឺយើងកំពុងខ្វះខាតកម្លាំងពលកម្ម ហើយតម្លៃឈ្នួល ទោះជាស្រុកយើង មិនបានថ្លៃដូចនៅប្រទេសថៃ ក៏គួរតែធ្វើការនៅក្នុងស្រុក ប្រសើរជាងលួចឆ្លងដែនទៅថៃ ដូចពាក្យចាស់លោកថា ជួញជិត ជាជាងជួញឆ្ងាយ៕

website_news/2021121104.txt · Last modified: 2021/11/12 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki