website_news:2021121110

ត្រឹម២ថ្ងៃ ពលករខ្មែរជិត១០០នាក់ត្រូវទាហានថៃចាប់បានពេលលួចឆ្លងដែន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម៉ោង ០៨:៤៣

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ បានត្រូវទាហានថៃឃាត់ខ្លួនរយៈពេល២ថ្ងៃមានជិត១០០នាក់ នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងខេត្តបន្ទាយមានជ័យ ។ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នៅតាមបន្ទាត់ព្រំដែនស្ថិតក្នុងភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវដែលឈមនឹងឃុំម៉ាឡៃ ស្រុកម៉ាឡៃ កម្លាំងយោធាថៃបានឃាត់ខ្លួនពលករខ្មែរចំនួន៥៥នាក់ (ស្រី១៩នាក់) ដែលលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ។ ដោយឡែក កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែស្ថិតក្នុងភូមិបានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលឈមនឹងភូមិបន្ទាយទី១ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ទាហានថៃបានឃាត់ខ្លួនពលករខ្មែរចំនួន៣៧នាក់ ។ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបញ្ជាក់ថា ពលករខ្មែរដែលត្រូវទាហានថៃឃាត់ខ្លួននៅតាមបន្ទាត់ព្រំដែន គឺជាពលករខ្មែរដែលឆ្លងដែនតាមរយៈមេខ្យល់ខ្មែរនិងថៃ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ ដែលក្នុងម្នាក់ត្រូវបានមេខ្យល់យក៨.០០០បាត ។ លុះនៅពេលមេខ្យល់ខ្មែរនាំឆ្លងដែនចេញពីដីខ្មែរហើយចូលទៅទឹកដីថៃ ត្រូវបានមេខ្យល់ថៃចាំទទួលនាំយកទៅរកការងារធ្វើនៅប្រទេសថៃជាបន្តទៀត។ ចំពោះពលករខ្មែរដែលត្រូវបានទាហានថៃឃាត់ខ្លួននៅតាមបន្ទាត់ព្រំដែននេះ ត្រូវបានបញ្ជូនត្រឡប់កម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១៕

website_news/2021121110.txt · Last modified: 2021/11/12 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki