website_news:2021130101

ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី១២ ខែមករា ពលករខ្មែរចាកចេញពីថៃចូលមកកម្ពុជាវិញ មានជាង១៣ម៉ឺននាក់

http://www.freshnewsasia.com/ 2021-01-12 04:05pm

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ គឺមានប្រហែលជាង១៣ម៉ឺននាក់ ប៉ុន្តែពួកគេក៏ត្រូវបានអាជ្ញាធរកម្ពុ ធ្វើការឃាត់ខ្លួនឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលកម្ពុជាផងដែរ។

លោកស្រី ជូ ប៊ុនអេង បានសម្តែងការព្រួយបារម្ភ ចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃជាងមួយលាននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ខណៈប្រទេសភូមិផងរបងតែមួយនេះ កំពុងផ្ទុះរីករាលដាលខ្លាំងនូវជំងឺរាតត្បាតមេរោគកូវីដ-១៩នោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីរបាយការណ៍សូចនាករអភិនាលកិច្ចទេសន្តរប្រវេសន៍ (MGI) និងកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ (GCM) នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា វាជាការព្រួយបារម្ភចំពោះរាជរដ្ឋាភិបាលលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃនោះ ដោយសារពួកគេអាចបន្តប្រឈម នឹងការចាញ់បោកមេខ្យល់មួយចំនួនតូច បោកពួកគេតាមរូបភាពផ្សេងៗ ក្នុងអំឡុងដែលពួកគាត់មិនអាចដើរចល័តរកការងារ ធ្វើបាននៅប្រទេសថៃនោះ។ យ៉ាងណាក៏ដោយ លោកស្រី ជូ ប៊ុនអេង ក៏បានអះអាងជាថ្មីទៀតផងដែរថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចថៃ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់មេខ្យល់ ដែលបោកប្រជាពលរដ្ឋខ្មែរឲ្យផ្សងគ្រោះថ្នាក់ ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ខណៈដែលប្រទេសថៃ បានរឹតត្បិតការដើរចល័តរបស់ពលករបរទេសនោះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី១២ ខែមករានេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃមកកម្ពុជាវិញ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ចំនួន២៧នាក់ ខណៈរាប់រយនាក់ទៀតកំពុងបន្តធ្វើចត្តាឡីស័កនោះ៕

website_news/2021130101.txt · Last modified: 2021/01/13 11:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki