website_news:2021130102

ពលករខ្មែរ ធ្វើការនៅថៃ អាចប្រឈម នឹងការជួញដូរ ខណៈជំងឺកូវីដ១៩កំពុងផ្ទុះខ្លាំង នៅប្រទេសនេះ

https://dap-news.com/ BySS107 Posted on January 12, 2021

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានសម្តែងការព្រួយបារម្ភ ចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ជាងមួយលាននាក់ទាំងស្របច្បាប់ និងមិនស្របច្បាប់ ខណៈប្រទេសភូមិផងរបងតែមួយនេះកំពុងផ្ទុះរីករាលដាលខ្លាំងនូវជំងឺរាតត្បាតមេរោគកូវិដ១៩នោះ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីបើកកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីរបាយការណ៍សូចនាករ អភិបាលកិច្ចទេសន្តរប្រវេសន៍ (MGI) និងកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ (GCM) នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា វាជាការព្រួយបារម្ភចំពោះ រាជរដ្ឋាភិបាលលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃនោះ ដោយសារពួកគេអាចនឹងបន្តប្រឈមនឹង ការចាញ់បោកពួកអគតិមួយចំនួនតូច (មេខ្យល់) បោកបញ្ឆោតពួកគេតាមរូបភាពផ្សេងៗ ក្នុងអំឡុងដែលពួកគាត់មិនអាចដើរ ចល័តរកការងារធ្វើបាននៅប្រទេសថៃនោះ។ យ៉ាងណាក៏ដោយលោកស្រី ជូ ប៊ុនអេង ក៏បានអះអាងជាថ្មីទៀតផងដែរថា នាពេលបច្ចុប្បន្ននេះអាជ្ញាធរកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចថៃ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់មេខ្យល់ ដែលបោកប្រជាពលរដ្ឋខ្មែរឲ្យផ្សងគ្រោះថ្នាក់ ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ខណៈដែលប្រទេសថៃបានរឹតត្បិតការដើរ ចល័តរបស់ពលករបរទេសនោះ។ នៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោកស្រី ជូ ប៊ុនអេង ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរដែលបានចាកចេញពី ប្រទេសថៃចូលមកកម្ពុជាវិញ គឺមានប្រហែលជាង ១៣ម៉ឺននាក់ ប៉ុន្តែពួកគេក៏ត្រូវបានអាជ្ញាធរកម្ពុជា ធ្វើការឃាត់ខ្លួនឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី១២ ខែមករានេះ ពលករខ្មែរដែលបានចាក់ចេញពី ប្រទេសថៃមកកម្ពុជាវិញ ត្រូវបានរកឃើញឆ្លងមេរោគកូវិដ១៩ចំនួន ២៧នាក់ ខណៈរាប់រយនាក់ទៀត កំពុងបន្តធ្វើចត្តាឡីស័កនោះ ៕

website_news/2021130102.txt · Last modified: 2021/01/13 11:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki