website_news:2021130104

ក្រសួងកិច្ចការនារីបណ្ដុះបណ្ដាលគ្រូបង្គោលមូលដ្ឋាន ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ក្នុងបរិបទកូវីដ១៩

http://btv.com.kh/ 12/01/2021

ឧត្ដរមានជ័យ៖ គ្រូបង្គោលថ្នាក់តំបន់ ក្នុងខេត្តឧត្ដរមានជ័យ ត្រូវបានបណ្ដុះបណ្ដាល ស្តីពីសកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់នូវរាល់អំពើជួញដូរស្ត្រី និងកុមារ និងរាល់ទម្រង់ នៃការកេងប្រវ័ញ្ចផ្លូវភេទនៅកម្ពុជា ក្នុងបរិបទកូវីដ–១៩នេះ។

ក្នុងវគ្គបណ្ដុះបណ្ដាល កាលពីម្សិលមិញ លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលសំរាប់ថ្នាក់តំបន់ ស្តីពីការទប់ស្កាត់អំពើជួញដូរស្ត្រី និងកុមារ និងការកេងប្រវ័ញ្ចនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោល ដែលជាសិក្ខាកាមគ្រប់រូបមកពីបណ្តាលខេត្តផ្សេងៗជាប់ព្រំដែន ឱ្យខិតខំធ្វើការផ្សព្វផ្សាយបន្តបន្ថែមទៀត ដល់ពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរបស់ខ្លួន ឱ្យបានទំលំទូលាយពីខ្លឹមសារនានានូវរាល់ការទប់ស្កាត់នូវទង្វើ ជួញដូរស្ត្រី និងកុមារ រួមទាំងអំពើហិង្សាក្នុងគ្រួសារផងដែរ។ លោកជំទាវ បានបញ្ជាក់ថា អ្វីដែលសំខាន់ជាងគេនោះ បច្វុប្បន្ននេះ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងបរិបទជំងឺកូវីដ–១៩ ដូច្នេះហើយសម្រាប់ការជួញដូរមនុស្សឆ្លងដែន ពីសំណាក់ជនខិលខូចមួយចំនួនតូចនោះ នៅបន្តមាន នៅតាមព្រំដែន ដែលកត្តាទាំងអស់នេះជាបញ្ហាប្រឈមមួយគួរឱ្យបារម្ភយ៉ាងខ្លាំង ដែល ត្រូវពន្យល់ណែនាំដល់ពលរដ្ឋ កុំឱ្យមានការជឿជាក់លើការលួងលោមបោកបញ្ឆោតរបស់ក្រុមមេខ្យល់ នាំទៅធ្វើការនៅឯប្រទេសជិតខាង។

លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ឧត្តរមានជ័យ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលពីពេលកន្លងមក តែងតែមានពលរដ្ឋឆ្លងដែនទៅរកការងារនៅ ប្រទេសថៃ តាមច្រកព្រំដែនខេត្តនេះ ហើយក៏ធ្លាប់មានពលករខ្មែរ ចាញ់បោកក្រុមមេខ្យល់ ដែលបានលួងលោមពលរដ្ឋធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលជាទង្វើជួញដូរមនុស្ស។ ប៉ុន្តែ សកម្មភាពទាំងនេះ កន្លងមក អាជ្ញាធរខេត្ត តែងតែបានទប់ស្កាត់បានមួយចំនួនធំ៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021130104.txt · Last modified: 2021/01/13 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki