website_news:2021130105

រដ្ឋបាលខេត្តសៀមរាប បង្ហាញយុទ្ធសាស្ត្រចំនួន៤ចំនុច ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០២១ !

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១

(សៀមរាប)៖ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់សំខាន់ៗ និងការចូលរួមសហការពីអង្គការដៃគូជាតិ អន្តរជាតិ ក្នុងការរួមគ្នាទប់ស្កាត់ បង្ក្រាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងរំលោភបំពានទៅលើស្ត្រី និងកុមារតាមគ្រប់រូបភាព ដោយពិធីនេះមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ អង្គការដៃគូជាតិ និងអន្តរជាតិចំនួនចំនួនផងដែរ។

ក្នុងឱកាសនោះ លោកស្រី យូ សុភា បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ចំនុច ដែលជាផែនការសម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ ដោយផ្អែកលើកផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងផ្តោតទៅលើបញ្ហាតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ក្នុងនោះរួមមាន៖ទី១.ពង្រឹងកិច្ចសហប្រតិបតិបត្តិការ ការកសាង និងអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា,ទី២.ការលើកកម្ពស់ការបង្ការទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ,ទី៣.ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទី៤ គឺការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

លោកស្រីអភិបាលរងខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់មន្ទីរ អង្គភាពជំនាញ និងអង្គការដៃគូទាំងអស់ធ្វើការពិនិត្យ និងលើកឡើងនូវធាតុចូលក៏ដូចជាការលើកអំពីសកម្មភាពដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅក្នុងក្រុង ស្រុកគោលដៅនីមួយៗ និងបានអនុញ្ញតឱ្យដាក់បញ្ចូលសកម្មភាព នៅក្នុងផែការសកម្មភាពរបស់លេខាធិការដ្ឋានសម្រាប់ឆ្នាំ២០២១។ ការរៀចំផែនការសកម្មភាព ដើម្បីងាយស្រួលក្នុងការអនុវត្តរួមគ្នា ដោយមានកិច្ចសហការគ្នារវាងស្ថាប័នរដ្ឋ ជាមួយអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចនានា ពិសេសការកេងប្រវ័ញ្ចទៅលើស្ត្រី និងកុមារ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021130105.txt · Last modified: 2021/01/13 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki