website_news:2021130501

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មិនគាំទ្រដាច់ខាត ចំពោះអំពើស្មោគគ្រោក របស់អ្នកប្រព្រឹត្តិ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១២ ខែឩសភា ឆ្នាំ២០២១

(ភ្នំពេញ)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) មានប្រសាសន៍ថា បណ្តឹងរវាងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា កំពុងតែមានការសើបអង្កេត ឱ្យបានត្រឹមត្រូវ ប៉ុន្តែលោកជំទាវមិនគាំទ្រដាច់ខាត ចំពោះអំពើស្មោគគ្រោករបស់អ្នកប្រព្រឹត្តិ។ មានប្រសាសន៍ជាមួយអង្គភាពសារព័ត៌មាន Swift News តាមប្រព័ន្ឋទូរសព្ទ័ លោកជំទាវ ជូ ប៊ុនអេង ពន្យល់ថា« បើតាមបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា រឿងនេះមិនធម្មតាទេ ត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់ និងផ្តល់យុត្តិធម៌ ជូនគាត់ឱ្យបានត្រឹមត្រូវ យើងឃើញថា មានបណ្តឹង២ទន្ទឹមគ្នា ម្នាក់គេហៅថាគួរតែជនល្មើស តែបែរជាប្តឹងមុនទៅវិញ អញ្ចឹងហើយបានជាត្រូវការ សើបអង្កេតឱ្យបានច្បាស់លាស់ យើងនឹងសហការជាមួយផ្នែក នគបាលយុត្តិធម៌ ដើម្បីជំរុញការស៊ើបអង្កេត ឱ្យបានលឿន និងឱ្យបានច្បាស់ត្រឹមត្រូវ»។

តែយ៉ាងណាក៏ដោយ លោកជំទាវបញ្ជាក់ថា នៅតែចង់បានយុត្តិធម៌ ជូនជនរងគ្រោះ តែពេលនេះនៅមិនទាន់ដឹងថា អ្នកណាជាជនរងគ្រោះពិត ដែលសាច់រឿងដែលស្រ្តីរងគ្រោះបានលើកឡើង បើសីនជារឿងនឹងមែន គឺលោកជំទាវមិនគាំទ្រដាច់ខាត ចំពោះអំពើស្មោគគ្រោករបស់អ្នកប្រព្រឹត្តិ។ ក្នុងនាមជាអ្នកការពារ ដល់សីលធម៌សង្គម មិនចង់ឃើញអំពើនេះ កើតមាននៅសង្គមកម្ពុជាទេ និងមិនគាំទ្រដាច់ខាត ចំពោះជនល្មើស ដែលប្រព្រឹត្តិបែបនឹង ទោះអ្នកណាក៏ដោយ មិនមែនតែករណីនេះទេ។ លោកជំទាវនឹងចូលរួមជម្រុញ ឱ្យមានការសើបអង្កេតដ៏ត្រឹមត្រូវ។

ជាមួយគ្នានេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្រសួងកិច្ចការនារី កំពុងធ្វើការងារ ទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ មានប្រសាសន៍ថា ពេលនេះ មានមេធាវីជាស្រ្តីចំនួន២នាក់ កំពុងការពារក្តី ឱ្យកញ្ញា មាន ពេជ្ររីតា។ ជាមួយគ្នានេះ ក៏នឹងដាក់ពាក្យសុំទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីឱ្យកញ្ញា មាន ពេជ្ររីតា នៅក្រៅឃុំជាបណ្តោះអាសន្ន។

ជុំវិញវិធានការនេះលោកជំទាវ ជូ ប៊ុនអេង បញ្ជាក់ថា សូមគាំទ្រចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល និងបញ្ជាក់ថា ជាអំពើស្មោកគ្រោក ដែលមិនគួរកើតមាននៅកម្ពុជា។

នៅល្ងាចថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ចំនួន២៦ និងប្រជាពលរដ្ឋ កំពុងធ្វើការលើកម្ពស់ស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា បានចេញលិខិតចំហ លើសំណើសុំចំណាត់ការតាមផ្លូវច្បាប់ ទៅលើករណីរបស់ ឧកញ៉ាហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និង លោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ លើករណីអំពើហិង្សាក្នុងគ្រួសារការបៀតបៀន និងប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី។ ក្នុងលិខិតចំហផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែឧសភានេះ បានអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋសម្តែងការខកចិត្តជាខ្លាំង ដែលស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មិនបានអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមគោលការណ៍ច្បាប់ ទៅលើករណីហិង្សា និងការបៀតបៀនផ្លូវភេទកន្លងមក។

ជុំវិញបណ្តាញសង្គមហ្វេសបុកវិញ នៅថ្ងៃនេះចាប់អារម្មណ៍រឿងក្តីនេះខ្លាំងមែនទែន អ្នកខ្លះបញ្ចេញទស្សនៈរិះគន់លោកឧកញ៉ា ហេង សៀ និងអ្នកខ្លះលើកឡើង ជាទស្សនៈគាំទ្រកញ្ញា មាន ពេជ្ររីតា។ មតិគាំទ្រ បានជម្រុញឱ្យប្រព័ន្ឋតុលាការដោះលែងរូបនាង ព្រោះករណីនេះមិនសមហេតុផល ចាប់នាងវ៉ៃខ្នោះដៃ និងបញ្ជូនខ្លួននាងទៅឃុំខ្លួននោះឡើយ។

ជាការឆ្លើយតបជុំវិញរឿងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានអំពាវនាវដល់សាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ច ជូនទៅស្ថាប័នតុលាការ ដំណើរការចំណាត់ការតាមនីតិវិធី ករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា។ ឯកឧត្តម គឹម សន្តិភាព បញ្ជាក់ថា ក្រសួងយុត្តិធម៌ បានតាមដានដោយយកចិត្តទុកដាក់ ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ៕

website_news/2021130501.txt · Last modified: 2021/05/13 12:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki