website_news:2021130502

ជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនចូលដីថៃ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 12 May 2021 | 19:15 ICT

បាត់ដំបង/បន្ទាយមានជ័យៈ ជនសង្ស័យជាមេខ្យល់ចំនួន ៣ នាក់ដែលជាមុខសញ្ញានាំមនុស្ស ១៥ នាក់ ឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបាននគរបាលស្រុកកំរៀងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី ១២ ខែឧសភានេះ។

លោក ស្រី វុទ្ធី អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យទាំង ៣ នាក់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ខណៈមនុស្សទាំង ១៥ នាក់ទៀត មានស្រីចំនួន ៥ នាក់ និងក្មេងម្នាក់ត្រូវបានដោះលែងវិញ។ លោកថ្លែងថា៖ «កម្លាំងយើងបានធ្វើសកម្មភាពពួនស្ទាក់ចាប់រថយន្ត ១ គ្រឿងម៉ាកសាំយ៉ុងពណ៌លឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនពលករខ្មែរ ១៤ នាក់រួមនឹងក្មេងម្នាក់ ទាំងអស់ ១៥ នាក់។ [ក្រៅពីនោះ] មានតៃកុងឡានម្នាក់ និងមេខ្យល់ ២ នាក់។ ទោះបីមានម្នាក់ជាតៃកុងឡាន ប៉ុន្តែពួកគេរួមគំនិតគ្នា អ៊ីចឹងយើងបញ្ជូនទៅតុលាការធ្វើការសម្រេចទាំងអស់»។

ស្នងការរងទទួលបន្ទុកផ្នែកយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកស្រី រស់ ជីវី ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣ នាក់ទៅតុលាការនៅថ្ងៃស្អែក។ លោកស្ត្រីថ្លែងថា៖ «ដោយសារការបញ្ជូនជនសង្ស័យមកល្ងាចណាស់ទៅហើយ អ៊ីចឹងយើងកសាងសំណុំរឿងបញ្ជូនទៅមិនទាន់ទេ ព្រោះត្រូវមានការពិនិត្យឆ្លងឯកសារច្រើនដំណាក់កាលទៀត។ ប៉ុន្តែយ៉ាងណា ស្អែកនេះ គឺអាចបញ្ជូនទៅបានហើយ»។ ជនសង្ស័យទាំង ៣ នាក់មានទី ១ ឈ្មោះ លី ប៊យ ភេទប្រុស អាយុ ៣៨ ឆ្នាំ [តៃកុងឡាន] ទី ២ ឈ្មោះ ហ៊ុន រ៉ាឌឿន ភេទប្រុសអាយុ ៣១ ឆ្នាំ [មេខ្យល់] និងទី ៣ ឈ្មោះ ជួន វណ្ណរ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ [មេខ្យល់]។ អ្នកទាំង ៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខណៈពួកគេកំពុងបើកបររថយន្ត និងជិះរថយន្តបម្រុងនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនៅយប់ថ្ងៃទី ១០ ខែឧសភា។

ស្រដៀងគ្នានេះនៅខេត្តបន្ទាយមានជ័យ នគរបាលស្រុកស្វាយចេកបានឃាត់ខ្លួនពលករខ្មែរ ៩ នាក់ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់នៅយប់ថ្ងៃទី ១០ ខែឧសភា នៅក្នុងចម្ការស្វាយចន្ទី ក្បែរព្រំដែនក្នុងភូមិរបើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក។

អធិការនគរបាលស្រុកស្វាយចេកលោក ជា ឈ្លូញ ឲ្យដឹងថា មន្ត្រីនគរបាលស្រុកស្វាយចេកបានចេញល្បាតពេលយប់ប្រទះឃើញពលករខ្មែរចំនួន ៩ នាក់ ស្រី ២ នាក់ និងម៉ូតូ ៣ គ្រឿង ខណៈពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកស្វាយចេកក៏ធ្វើការឃាត់ខ្លួនពួកគេយកទៅសួរនាំនៅអធិការដ្ឋានតែម្តង។ លោកថ្លែងថា៖ «ពួកគាត់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយមេខ្យល់បានបោកពួកគាត់យកប្រាក់មួយចំនួន ហើយថា ជូនដល់កន្លែងធ្វើការនឹងរកការងារឲ្យធ្វើ។ ប៉ុន្តែនៅពេលដែលពួកគាត់ជិះម៉ូតូចេញពីចម្ការស្វាយចន្ទីក្បែរព្រំដែន ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនតែម្តង»។ បើតាមលោកអធិការ ពលករខ្មែរទាំង ៩ នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់នោះ ក្រោយពីធ្វើកិច្ចសន្យាណែនាំហើយត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កស្រុកស្វាយចេករយៈពេល ១៤ ថ្ងៃ៕

website_news/2021130502.txt · Last modified: 2021/05/13 12:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki