website_news:2021130504

កម្លាំងចម្រុះចុះល្បាតឃាត់ខ្លួនពលករ២៥នាក់ និងមេខ្យល់៣នាក់ ករណីមេខ្យល់ដឹកពលករតាមម៉ូតូកង់បីឥណ្ឌា

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១១ ឧសភា ២០២១ ដោយ Kang Tola

បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ព្រំដែន ស្រាប់តែប្រទះឃើញម៉ូតូកង់បីឥណ្ឌា១គ្រឿង កំពុងដឹកពលករចំនួន៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ កម្លាំងធ្វើការឃាត់ខ្លួនទាំងអស់ នៅវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក រិទ្ធ រ៉ម បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករទាំង៧នាក់ បានថា ម្ចាស់ម៉ូតូកង់បីបានបម្រុងដឹកពួកខ្លួនឆ្លងដែនទៅប្រទេសថៃ ហើយក្រោយពីឃាត់ខ្លួនហើយពលករទាំង៧នាក់នេះបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរចម្លើយ។

បន្ទាប់មកទៀតនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ មានមេខ្យល់បម្រុងនាំពលករឆ្លងដែនមួយក្រុមទៀតទៅប្រទេសថៃ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តែទីតាំងផ្សេងគ្នាកម្លាំងចម្រុះបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមេខ្យល់២នាក់បន្ថែមទៀត និងពលករចំនួន១៨នាក់ទៀតផងដែរ ហើយបញ្ជូនមកសាកសួរចម្លើយរួមគ្នានៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃនេះ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ករណីខាងលើនេះលោកឧត្ដមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃសួរចម្លើយមេខ្យល់ និងពលករទាំងអស់នោះ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងទៀតថា ពលករទាំងអស់ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេចង់ទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែន ដោយមេខ្យល់ទាំងនោះប្រាប់ថា ពួកគេនឹងនាំឆ្លងដែនទៅប្រទេសថៃបានដោយយកតម្លៃជូនក្នុងម្នាក់៦.០០០បាទ។ ចំណែកមេខ្យល់ទាំង៣នាក់១ឈ្មោះសុខ វិបុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ឌឹប នុន ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៣ឈ្មោះម៉ៃ សៃហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នកទាំង៣ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេបានទំនាក់ទំនងជាមួយពលករផ្សេងៗគ្នាដើម្បីនាំចេញទៅប្រទេសថៃពិតប្រាកដមែន។

ដោយផ្អែកចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ ទើបកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនយកមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ហើយបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកពលករទាំង២៥នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងវិទ្យាល័យស្រុកម៉ាឡៃឲ្យបានចំនួន១៤ ថ្ងៃទើបអាចឲ្យត្រឡប់ទៅផ្ទះវិញបាន៕ ដោយ ៖ វ៉ាន់ ណាង

website_news/2021130504.txt · Last modified: 2021/05/13 12:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki