website_news:2021130701

ស្នងការខេត្តឧត្តរមានជ័យបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់ចូលកម្ពុជាត្រូវបានទប់ស្កាត់ទាំងស្រុង

https://news.btv.com.kh/ 07/11/2021 01:07 PM

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់របស់ពលករមកពីប្រទេសថៃ ត្រូវបានទប់ស្កាត់ទាំងស្រុងក្រោយពីមានការបង្ក្រាប និងអនុវត្តតាមផ្លូវច្បាប់ជាបន្តបន្ទាប់។ ថ្លែងក្នុងសម្ភាសន៍ជាមួយ BTV កាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា ពាក់ព័ន្ធនឹងកិច្ចការទប់ស្កាត់បញ្ហាឆ្លងរាតត្បាតជាសកលនូវជំងឺកូវីដ១៩ កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យដោយអនុវត្តតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជុំវិញការរៀបចំផែនការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានចូលរួមយ៉ាងសកម្មក្នុងគោលដៅ ធានានូវការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ របស់បងប្អូនពលករមកពីប្រទេសថៃ ខណៈស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសថៃបន្តកើនឡើងជារៀងរាល់ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា កាលពីថ្មីៗនេះនគរបាលខេត្តឧត្តរមានជ័យ បានអនុវត្តទៅតាមផ្លូវច្បាប់ចំពោះករណីឆ្លងដែនខុសច្បាប់ ក៏ដូចជាមេខ្យល់មួយចំនួន ស្របពេលនគរបាលវរៈការពារព្រំដែនគោក ត្រូវបានដាក់ពង្រាយតាមច្រកនានា ពិសេសច្រកល្បៀងជាដើម ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ ពាក់ព័ន្ធនឹងការឆ្លងដែនរបស់ពលករមកពីប្រទេសថៃចូលតាមខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា ក្នុងពេលបច្ចុប្បន្នពលករបានប្រើប្រាស់មធ្យោបាយ នៃការធ្វើដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខណៈកងកម្លាំងនគរបាលចម្រុះបានសហការ ជាមួយកងកម្លាំងទាហានចុះល្បាតតាមបណ្ដាគោលដៅទាំង២៩ ២៤ម៉ោងលើ ២៤ម៉ោង។

ដោយឡែកពាក់ព័ន្ធ នឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដក្នុងសហគមន៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានលើកឡើងថា កងកម្លាំងនគរបាលទាំងអស់បានខិតខំអនុវត្តទៅតាមបទបញ្ជា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជុំវិញការទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ តាមរយៈការណែនាំជាប្រចាំ ហើយជាពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ។ បន្ថែមលើសពីនេះ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យទៀតថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ កងកម្លាំងនគរបាលបានចូលរួមការពារទីតាំងធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលកូវីដ១៩ គ្រប់ទីតាំងនៃស្រុក-ក្រុងចំនួន ៥ ផងដែរ៕ អត្ថបទ៖ សេក ឧត្តម

website_news/2021130701.txt · Last modified: 2021/07/13 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki