website_news:2021130801

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមការងារជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនាពេលព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ដែលជាអនុប្រធានគ.ជ.ប.ជ ក្រុមការងារអន្តរក្រសួង គ.ជ.ប.ជ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគ.ជ.ប.ជ ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.ប.ជ មានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន និងអង្គភាពនីមួយៗ ដែលធ្វើឲ្យលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានលទ្ធផលគួរជាទីមោទនៈ បើទោះបីជាប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ក៏ដោយ ហើយនេះគឺជាការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ។

នាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលឆមាសទី១ របស់គ.ជ.ប.ជ ដោយលើកឡើងថា ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស សរុបប្រមាណ១៥ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១ និងសរុបប្រមាណជិត៣០ម៉ឺននាក់ បើគិតពីឆ្នាំ២០២០ហើយនៅតែបន្ដវិលត្រឡប់មកកម្ពុជាជាបន្ដបន្ទាប់ទៀតហើយភាគច្រើនជាអ្នកមានជីវភាពខ្វះខាត។ បន្ថែមពីនេះ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានប្ដេជ្ញានិងលើកទិសដៅបន្ដនូវឆមាសទី២ ដូចជា ៖ បន្តពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជួរមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, បន្តស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និងផ្តន្ទាទោសបទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្ស, បន្តពង្រឹងកិច្ចសហការរវាង មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ ក្នុងការអនុវត្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង ដើម្បីដាក់បន្ទុកជនល្មើសជួញដូរមនុស្ស, បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចប្រទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន, ជំរុញការអនុវត្តនីតិវិធី នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាដើម។

ក្រោយស្ដាប់របាយការណ៍រួច សម្ដេចក្រឡាហោម ស ខេង គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគាំទ្រ និងឯកភាពចំពោះរបាយការណ៍ឆមាសទី១ និងទិសដៅការងារបន្ដសម្រាប់ឆមាសទី២ របស់គ.ជ.ប.ជ ហើយសម្ដេចក៏បានណែនាំដល់ក្រុមការងារឲ្យបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យកាន់តែទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ ដើម្បីចូលរួមក្នុងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ សម្ដេចក៏បានអំពាវនាវ និងស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈមធ្យោបាយផ្សេងៗ ដូចជា ផ្ដល់ព័ត៌មានអំពីបទល្មើសជួញដូរមនុស្ស ជាដើម។ សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារ គ.ជ.ប.ជ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងបន្ដខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាការរួមចំណែកដល់សេចក្ដីសុខ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកមុខមាត់ប្រទេសជាតិផងដែរ៕

website_news/2021130801.txt · Last modified: 2021/08/13 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki