website_news:2021130802

សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្ក្រាបករណីជួញដូរមនុស្ស ទោះបីក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ

https://cen.com.kh/ Posted ByPen Srey NeatAugust 12, 2021

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហ្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឆាំងការជួញដូរមនុស្ស ឆមាសទី១ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្រ្តី និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន និងជាប្រធានដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នទាំង៦ នៃ គ.ជ.ប.ជ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួង ស្ថាប័ន និងអង្គភាពជាសមាជិក មួយចំនួនទៀត។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិ ដែលគ្រប់ក្រសួងស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែងបំពេញភារកិច្ច ឲ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងដំណាក់កាលដ៏លំបាកដែលបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តន៍ថ្មី ដែលមិនអាចប៉ាន់ស្មានបាន។ លោកជំទាវរដ្ឋលេខាធិការបានបន្តថា បញ្ហាប្រឈមទាំងនោះ ពាក់ព័ន្ធនឹងការជះឥទ្ធិពលពីការប្រែប្រួលនៃសភាពការណ៍ពិភពលោក ដែលមានទាំងវិបត្តិសេដ្ឋកិច្ច សង្គ្រាមរ៉ាំរ៉ៃនៅ បណ្តាប្រទេសមួយចំនួន គ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ បំណាក់ដី ភ្លើងឆេះព្រៃ និងគ្រោះមហន្តរាយដោយការរាតត្បាតដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ដែលតា។

ចំណែកឯការងារអនុវត្តច្បាប់ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ បានបង្ក្រាបករណីជួញដូរមនុស្ស ច្រើនជាងឆ្នាំមុនបើគិតក្នុងរយៈពេលដូចគ្នា គឺ១៩៨ករណី ដែលក្នុងឆមាសទី១ ឆ្នាំ២០២០ បង្ក្រាបបាន ៦៣ករណី គឺកើន១៣៥ករណី ស្មើនឹង ២១៤.២៨% ក្នុងនោះ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស បង្រ្កាបបាន ១៣៩ករណី កើនឡើង ១២៣ករណី និងបទល្មើសអាជីវកម្មផ្លូវភេទ បង្រ្កាបបាន៥៩ករណីកើន១២ករណី។ ការងារការពារជនរងគ្រោះ លោកជំទាវបានឱ្យដឹងថា ស្ថានទូតកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យពលរដ្ឋខ្មែរ ដែលមានបញ្ហាប្រឈមនៅក្រៅប្រទេស បានវិលត្រឡប់មកកម្ពុជាវិញ សរុបទាំងអស់២.៣១៧នាក់ ស្រី ៩៧២នាក់ ក្នុងនោះ មួយចំនួនតូច សង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងមានពលករខុសច្បាប់ដែលត្រូវវិលត្រឡប់មកពីប្រទេសថៃមានរហូតដល់ ១.៦០៨នាក់ ស្រី ៤៨០នាក់។

លោកជំទាវបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលពលរដ្ឋខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ពីបរទេស និងទទួលពីអាជ្ញាធរប្រទេសនានា សរុបចំនួន ៤០.៨២២នាក់ ស្រ្តី ១៦.១៣៣នាក់ កុមារា ២.៣៩៥នាក់ កុមារី ២.១៧៥នាក់ ដែលក្រោយការសម្ភាសន៍ក្រុមការងារដាក់ការសង្ស័យថាពួកគេរងគ្រោះដោយករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម ១៧នាក់ ជួញដូរកម្លាំងពលកម្ម ១១នាក់ អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈឬបង្ខំ ១៦២នាក់ និងករណីងាយរងគ្រោះ ៣២នាក់ ។ លោកជំទាវក៏បានរាយការណ៍ដែរថា ក្នុងចំណោមពលករដែលត្រូវអាជ្ញាធរប្រទេសថៃបញ្ជូនមក ក្នុងនាមជាជន ត្រូវនិរទេស មានសរុបចំនួន ៤០ ៥៩៨នាក់ ដោយមណ្ឌលសំចតទទួលពលករនៅប៉ោយប៉ែត បានធ្វើការសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណ រកឃើញមុខសញ្ញាសង្ស័យថាជាជនរងគ្រោះ ដោយការកេងប្រវ័ញ្ចកម្លាំងពលកម្ម ១៧នាក់ និងជាជនងាយរងគ្រោះ ៤៣នាក់ និងបានបញ្ជូន ទៅទទួលសេវាបន្តនៅអង្គការដៃគូដូចជា អង្គការតំណក់ទឹក អង្គការគ្រួសារថ្មី អង្គការភឿន អង្គការសាម៉ារីតាន់ភឺស និងអង្គការរតនៈអ៊ិនធើណេសិនណល ជាដើម ។

ចំពោះទិសដៅ សម្រាប់ឆមាសទី២ ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថាគណៈកម្មាធិការជាតិកំណត់យក តាមយុទ្ធសាស្រ្ត ដែលក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងបន្តជំរុញអនុវត្ត គឺ ការងារច្បាប់ គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ មាន៩ សកម្មភាព, ការងារបង្ការទប់ស្កាត់មាន ១៦សកម្មភាព, ការងារអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ មាន ៥សកម្មភាព, ការងារការពារជនជនរងគ្រោះ មាន ១២សកម្មភាព និងបន្ថែម ការងារពង្រឹងសមត្ថភាព និងការតាមដាន ត្រួតពិនិត្យ មាន ៧សកម្មភាព។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានសម្តែងនូវអំណរសាទរ និងការកោតសរសើរ ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃគ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិ គ្រប់ថ្នាក់ រួមទាំងកងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ស្ថាប័នអយ្យការ ស្ថានបេសកកម្មការទូត នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំគ្នាជំរុញអនុវត្តសកម្មភាព ទោះបីជាបាន និងកំពុងប្រឈមដោះស្រាយបញ្ហាផ្ទួនៗ រួមទាំងវិបត្តិកូវីដ-១៩ ក៏ដោយ និងបើកការពិភាក្សា ផ្តល់យោបល់បន្ថែម លើរបាយការណ៍ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១។ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើឲ្យក្រសួងស្ថាប័ន បន្តជំរុញអនុវត្តសកម្មភាពទាំងឡាយ តាមការគ្រោងទុក និងត្រូវខិតខំពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថានទូតអាមេរិក និងគ្រប់ស្ថានទូតប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ ដែលបាន និងកំពុងរួមគ្នាជួយគាំទ្រ និងសហការរាជរដ្ឋា ភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី ធ្វើឲ្យសម្រេចលទ្ធផលតាមការគ្រោងទុក ដោយពុះពារគ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ និងរួមគ្នារៀបចំទិន្នន័យ ដើម្បីចងក្រងជាប្រព័ន្ធ ដែលស៊ីសង្វាក់គ្នា សម្រាប់ប្រើប្រាស់ ជារបាយការណ៍ជាតិ និងសម្រាប់ការចែកផ្សាយទូលំទូលាយ៕ រក្សាសិទ្ធោដោយ៖បញ្ញាស័ក្តិ

website_news/2021130802.txt · Last modified: 2021/08/13 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki