website_news:2021130807

ឆមាសទី១ ពលរដ្ឋខ្មែរ វិលត្រឡប់ពីក្រៅប្រទេសជាង ១៥ម៉ឺននាក់ ភាគច្រើនអ្នកមាន ជីវភាពខ្វះខាត

https://dap-news.com/national/ ByPH104Posted on August 12, 2021

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស ជាង១៥ម៉ឺននាក់ ហើយបន្ដវិលត្រឡប់មកកម្ពុជា ជាបន្ដបន្ទាប់ទៀត ក្នុងនោះ ភាគច្រើនជាអ្នកមានជីវភាពខ្វះខាត ។ ក្នុងកិច្ចប្រជុំក្រុមការងារ ជំនាញអន្តរក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានថ្លែងថា «ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស សរុបប្រមាណ១៥ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១ និងសរុបប្រមាណជិត៣០ម៉ឺននាក់ បើគិតពីឆ្នាំ២០២០ ហើយនៅតែបន្ដវិលត្រឡប់មកកម្ពុជាជាបន្ដបន្ទាប់ទៀត ហើយភាគច្រើនជាអ្នកមានជីវភាពខ្វះខាត»។ លោកស្រីរដ្ឋលេខាធិការ ប្ដេជ្ញានិងលើកទិសដៅបន្ដឆមាសទី២ ដូចជា ៖ បន្តពង្រឹង សមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជួរមុខក្នុងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , បន្តស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និងផ្តន្ទាទោសបទល្មើស ពាក់ព័ន្ធអំពើជួញដូរមនុស្ស , បន្តពង្រឹងកិច្ចសហការ រវាងមន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ ក្នុងការអនុវត្តនីតិវិធី ស៊ើបអង្កេត ប្រមូលភស្តុតាង ដើម្បីដាក់បន្ទុក ជនល្មើសជួញដូរមនុស្ស , បន្តពង្រឹងកិច្ចសហការជាមួយ សមត្ថកិច្ចប្រទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ ក្នុងការបង្ក្រាបបទល្មើស ជួញដូរមនុស្សឆ្លងដែន, ជំរុញការអនុវត្តនីតិវិធី នៃការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក៏បានថ្លែងដែរថា ទោះជាប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ក៏ដោយ ក៏ក្រសួង-ស្ថាប័ន និងអង្គភាពនីមួយៗ បានប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលធ្វើឲ្យលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។ សម្ដេចបញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបន្ដកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ-អន្ដរជាតិ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅកម្ពុជា។ សម្ដេច បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារ គ.ជ.ប.ជ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងបន្ដខិតខំប្រឹង ប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាការរួមចំណែក ដល់សេចក្ដីសុខ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកមុខមាត់ ប្រទេសជាតិផងដែរ ៕

website_news/2021130807.txt · Last modified: 2021/08/13 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki