website_news:2021130808

ពលរដ្ឋជាប់តាមព្រំដែនថៃ ត្រូវបានជួយ និងត្រៀមដឹកដាក់តាមខេត្ត

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ១២ សីហា ២០២១ដោយ KC Virak

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទចុះធ្វើអត្តរាគមន៍និងធ្វើការសម្របសម្រួល និងត្រៀមដឹកពលករខ្មែរដែលកំពុងកកកុញនៅតាមព្រំដែន ដឹកតាមរថយន្តដាក់តាមខេត្ត ចាក់វ៉ាក់សាំង និងចត្តាឡីស័កផងដែរ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពលករខ្មែរមកពីប្រទេសថៃក្នុងមួយថ្ងៃៗជាច្រើនរយនាក់កំពុងសម្រាកនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ក្នុងដំណាក់កាលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី Delta ដែលកំពុងផ្ទុះខ្លាំងនៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការអំពាវនាវ និងការយោគយល់ពីប្រជាពលរដ្ឋដែលជាពលករខ្មែរកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែន មេត្តាយោគយល់ដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងទាំងអស់ដែលកំពុងអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដែរតា Delta ចូលក្នុងប្រទេស ក៏ដូចជាក្នុងសហគមន៍។

លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាមិនទុកឱ្យពួកគាត់នៅឯកោនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានរៀបចំអំណោយជាស្បៀងអាហារ ជម្រក សម្រាប់ឱ្យបងប្អូនស្នាក់នៅបណ្តោះអាសន្ននៅតាមបណ្តាខេត្តផ្សេងៗផងដែរ។ ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ លោកបានផ្ដាំផ្ញើដល់ពលរដ្ឋទាំងនោះត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ឱ្យកងកម្លាំងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋានក្រុមការងារដើម្បីជួយដោះស្រាយបានទាន់ពេលវេលា៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021130808.txt · Last modified: 2021/08/13 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki