website_news:2021130809

ខេត្តជាប់ព្រំដែនថៃខ្លះត្រៀមទទួលយកពលករ ខណៈព្រំដែនកម្ពុជា-ថៃនឹងបើកឡើងវិញថ្ងៃស្អែក

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 12/08/2021 - 09:38

តាមគម្រោងព្រំដែនកម្ពុជា-ថៃ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១៣ សីហាស្អែកនេះបន្ទាប់ពីបិទបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ដែលតាទ្រង់ទ្រាយធំ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ សីហានេះ អ្នកនាំពាក្យខេត្តជាប់ព្រំដែនកម្ពុជាថៃមួយចំនួនត្រៀមរួចស្រេចក្នុងការបើកច្រកព្រំដែនរបស់ខ្លួន នៅកម្រិតសមស្របណាមួយ។ ក្នុងនោះលទ្ធភាពនៃការទទួលយកពលករត្រឡប់មកកម្ពុជាក៏បានក្លាយជាការត្រៀមខ្លួនសម្រាប់អាជ្ញាធរខេត្តឧត្តរមានជ័យដែរ។

ពីព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យលោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានឲ្យដឹងថានៅចំពោះមុខការត្រៀមបើកច្រកព្រំដែននៅថ្ងៃទី១៣ សីហា ការធ្វើចរាចរណ៍ទំនិញអ្នកបើកបររថយន្តដឹកទំនិញត្រូវយកសំណាក ដើម្បីបង្ការកូវីដ១៩ ដែលតាភ្លាមៗនៅនឹងកន្លែង។ ក្រៅពីបង្កើនការប្រុងប្រយ័ត្នលើមុខទំនិញ អាជ្ញាធរខេត្តក៏ត្រៀមទទួលយកពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃផងដែរជាមួយនឹងការត្រៀមរួចជាស្រេចមណ្ឌល ចត្តាឡីស័កពីរកន្លែងបន្ថែមទៀតដែលមណ្ឌលទាំង២ ផ្ទុកពលករបានក្នុងរង្វង់៦ពាន់នាក់ ខណៈមណ្ឌលចត្តាឡីស័កមានស្រាប់មានចំនួន៣០កន្លែងរួចទៅហើយ។ សូមជម្រាបជូនថា សម្រាប់ព្រំដែនកម្ពុជាថៃខេត្តឧត្តរមានជ័យមុនការបិទខ្ទប់១៤ថ្ងៃជាមធ្យមមានពលករប្រមាណជា៥០០នាក់បានសម្រុកមកប្រទេសកម្ពុជាក្នុងមួយថ្ងៃៗ។ រាប់ចាប់តាំងពីការផ្ទុះកូវីដ១៩នៅក្នុងខេត្តសាមុតសាខនរបស់ថៃកាលពីចុងខែ ឆ្នាំ២០២០ ពលករខ្មែរធ្វើដំណើរចូលមកប្រទេសកម្ពុជាតាមច្រកអូរស្មាច់ខេត្តឧត្តរមានជ័យមានចំនួនជាង១០ម៉ឺននាក់ ហើយ១ម៉ឺននាក់ជាពលរដ្ឋរស់នៅក្នុងខេត្តនេះស្រាប់។

លោក ឡឹង សុផុន មន្ត្រីអង្គការសង់ត្រាល់ប្រចាំនៅក្នុងប្រទេសថៃលើកឡើងថា ប្រសិនបើខេត្តជាប់ព្រំដែនកម្ពុជាថៃ បើកច្រកទទួលពលករព្រមគ្នា ពលករនឹងសប្បាយចិត្តត្បិតពេលនេះពួកគេកំពុងជាប់គាំងនៅព្រំដែនស្រាប់។ បើតាមលោកសុផុនមានពលករខ្មែរមិនក្រោម១ពាន់នាក់ឡើយជាប់នៅព្រំដែនហើយលទ្ធភាពត្រឡប់មក កម្ពុជាវិញជាការទន្ទឹងរងចាំជាប់ជានិច្ចក្នុងចិត្តរបស់ពួកគេទោះជាត្រូវព្យាបាលឬធ្វើចត្តាឡីស័កក៏ដោយ។

បើតាមសេចក្ដីណែនាំរបស់របស់រដ្ឋាភិបាលនៅថ្ងៃទី១១ ខែសីហា ការអនុវត្តវិធានការបិទខ្ទប់បណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃ និងខេត្តសៀមរាបរួមនឹងយុទ្ធនាការថ្នាក់ជាតិរយៈពេល១៤កន្លងមកនេះបានជួយដល់ការគ្រប់គ្រងនិងពន្យាពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគកូវីដ១៩ប្រភេទដែលតា។ ជាក់ស្ដែង អត្រានៃឆ្លងរាលដាលនៃជំងឺកូវីដ១៩ប្រចាំថ្ងៃ មានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតាបានធ្លាយចូលក្នុងសហគមន៍និងបានរាលដាលរហូតទៅ១៧រាជធានីខេត្តក៏ដោយ។ដើម្បីបន្តប្រសិទ្ធិភាពក្នុងការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគដែលតាក្រោយវិធានការបិទខ្ទប់បណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃនិងសៀមរាបត្រូវបានបិទបញ្ចប់ នៅយប់ថ្ងៃទី១២សីហា រដ្ឋាភិបាលបានណែនាំទៅអភិបាលរាជធានីខេត្តនៅទូទាំងប្រទេស បន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដសម្រាប់រយៈពេល៧ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី១៩សីហា។ សូមជម្រាបជូនថា ចាប់ពីថ្ងៃទី៣១មិនាដល់ថ្ងៃទី១០សីហា កម្ពុជារកឃើញវិជ្ជមានវីរុសដែលតាសរុប៤២៩នាក់៕

website_news/2021130809.txt · Last modified: 2021/08/13 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki