website_news:2021130901

កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួល ដើម្បីសុវត្ថិភាពពលករ និងសហគមន៍ !

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១

សៀមរាប៖ គណ:កម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ និងអង្គការការីតាសស្វីស បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួល ដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ដើម្បីរកភាពខ្លាំងនៅក្នុងការផ្តល់សេវាកម្ម ឬការឆ្លើយតបទៅនឹងតម្រូវការរបស់ជនងាយរងគ្រោះ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដៃគូមួយចំនួនទៀត។

លោកស្រី យូ សុភា បានមានប្រសាសន៍ថា ចាប់តាំងពីមានការឆ្លងរាលដាលមេរោគកូវីដ-១៩ រហូតមកដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានពលករចំណាកស្រុកប្រមាណជាង ៣ម៉ឺននាក់ បានវិលត្រលប់ពីបរទេស មកកាន់ភូមិដ្ឋានរបស់ពួកគាត់នៅក្នុងខេត្តសៀមរាប។ ក្រៅពីពលករទាំងនេះ ខេត្តសៀមរាប ក៏បានក្លាយជាខ្សែត្រៀមទី២ ក្នុងការទទួលយកពលករពីខេត្តឧត្តរមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីព្យាបាល និងធ្វើចត្តាឡីស័កផងដែរ។ លោកស្រីបន្តថា បើគិតមកដល់ថ្ងៃទី០៨ ខែកញ្ញា ២០២១នេះ មានពលករប្រមាណជាង៥ពាន់នាក់ ដែលបញ្ជូនមកពីខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាប។ លោកស្រី យូ សុភា បន្ថែមថា នៅខេត្តឧត្តរមានជ័យកន្លែងគាត់តូច ខេត្តតូច អញ្ចឹងពលករគាត់សម្រុកចេញតាមច្រកអូរស្មាច់ក៏ដូចជាច្រកជាំសាង៉ាំ ខេត្តឧត្តរមានជ័យអត់កន្លែងដាក់ ត្រូវបានបញ្ជូនមកខេត្តសៀមរាប ដូចនេះខេត្តសៀមរាប ក៏ទទួលពលករ ដែលមកពីខេត្តជាប់ព្រំដែនផងដែរ។ ក្រៅពីកិច្ចការទទួលពលករដែលវិលត្រលប់មកវិញនេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់គិតគូរអំពីការប្រកបរបររបស់បងប្អូនទាំងនោះ បន្ទាប់ពីគាត់មករស់នៅក្នុងស្រុក ភូមិរបស់ពួកគាត់វិញផងដែរ។ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ក៏ក្លាយជាការស្វែងរកធាតុផ្សំចូលមួយចំនួនឲ្យចំគោលដៅ ដែលបងប្អូនពលករចង់បាន។

មានប្រសាសន៍បើកកិច្ចប្រជុំនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាការគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលវិលត្រលប់ពីក្រៅប្រទេស។ ជាមួយគ្នានេះដែរលោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យសមាជិកនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវស្វែងរកចំណុចសំខាន់ ដើម្បីពន្យល់ឲ្យបងប្អូនពលករផ្លាស់ប្តូរផ្នត់គំនិត ដែលតែងតែចង់ធ្វើការនៅក្រៅប្រទេស រហូតមករស់ប្រទេសដើមខ្លួនឯងលែងកើត។ រឿងពលករចំណាកស្រុកនេះ ជារឿងធំដែលយើងត្រូវយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ ចាប់ពីពេលនេះទៅមុខ បង្កលក្ខណ:ងាយស្រួលសម្រាប់ពួកគាត់៕ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021130901.txt · Last modified: 2021/09/13 09:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki