website_news:2021131001

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យអាជ្ញាធរខេត្តរតនគិរី បន្តប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសរត់ពន្ធមនុស្ស និងគ្រឿងញៀន នៅតាមតំបន់ព្រំដែន

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

(រតនគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរខេត្តរតនគិរី ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវបន្ដប្រយុទ្ធប្រឆាំងបទល្មើសរត់ពន្ធមនុស្ស គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ជាដើម នៅតាមតំបន់ព្រំដែន ឲ្យបានម៉ឺងម៉ាត់។ ពិសេស ត្រូវការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីជំរុញការអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងរីកចំរើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ថ្មី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលរួមគ្នាខិតខំប្រឹងប្រែង ដើម្បីការពារសន្ដិសុខ សន្ដិភាព ស្ថេរភាពនយោបាយបានយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បញ្ហាគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ព្រំដែន ជាកិច្ចជាប់ជាប្រចាំរបស់ខេត្តរតនគិរី ព្រោះជាប់ព្រំទល់ វៀតណាម និងឡាវ ហើយសំណូមពរសំខាន់បំផុត ត្រូវមានទំនាក់ទំនងជាមួយប្រទេសជិតខាង គឺការពារបូរណភាពទឹកដីឱ្យបាន និងការពារអធិបតេយ្យជាតិឱ្យបាន»។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បន្តទៀតថា ត្រូវអភិវឌ្ឍន៍ព្រំដែនដោយសន្ដិភាព ដូចជា ៖ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាដើម ដើម្បីផលប្រយោជន៍ប្រទេសទាំងសង់ខាង ដូចជា ៖ កម្ពុជា-វៀតណាម-ឡាវ។ សម្ដេច ក៏បានសង្កត់ធ្ងន់ផងដែរថា ជាពិសេស នោះ អាជ្ញាធរខេត្តរតនគិរី ក៏ត្រូវប្រឆាំងបទល្មើសផ្សេងៗទៀត ដូចជា ៖ រត់ពន្ធមនុស្ស គ្រឿងញៀន ជាដើម ដោយសហការជាមួយប្រទេសជិតខាង។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការគ្រប់គ្រងព្រំដែន និងការអភិវឌ្ឍន៍ព្រំដែន គឺត្រូវឈរលើគោលការណ៍សន្ដិភាព ជាមួយការពង្រឹង និងពង្រីកក្នុងការសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរខេត្តរតនគិរី ត្រូវការពារធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីទុកឱ្យកូនចៅជំនន់ក្រោយ៕ ប្រភព៖ ក្រសួងមហាផ្ទៃ

website_news/2021131001.txt · Last modified: 2021/10/13 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki