website_news:2021131003

ពលករខ្មែរ ជ្រៀតឆ្លងដែនខុសច្បាប់ ទៅថៃ ដើម្បីស្វែងរកការងារធ្វើ ត្រូវកងកម្លាំងកម្ពុជា និង ថៃ ឃាត់ខ្លួន បន្តបន្ទាប់

https://www.rasmeinews.com/ OCT 11, 2021

ដោយ៖ ប,ជ័យ / ព្រំដែនកម្ពុជា-ថៃៈ កងកម្លាំងកម្ពុជា និងថៃ បានស្ទាក់ឃាត់ខ្លួន បានជា បន្តបន្ទាប់ នូវពលករខ្មែរ ជ្រៀតឆ្លងដែនខុសច្បាប់ ទៅថៃ ដើម្បីស្វែងរកការងារធ្វើ ឡើងវិញ ក្នុងបំណងស្តារជីវភាព ។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើង លេខ ៥១៣ នៃកងពលតូចថ្មើរជើង លេខ៥១ បានអោយដឹង កាលពីថ្ងៃទី១១ ខែតុលាថាៈ នៅយប់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ លោកបានចាត់តាំងកម្លាំង នៅជួរមុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ សហការជាមួយ កម្លាំងតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ចេញល្បាតត្រួតពិនិត្យ តាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញ ហើយឃាត់ខ្លួនពលករខ្មែរ បានចំនួន ២០នាក់ (ស្រីទាំងអស់) នៅត្រង់ចំណុចក្បាលទំនប់ ដែលបម្រុងនឹងលួចចូលទៅប្រទេសថៃ។ កម្លាំងសហការ បានឃាត់ខ្លួន រួចសាកសួរនាំ និងបានប្រគល់ជូនកម្លាំងជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។

ដោយឡែក នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ហេង រ៉ា មេប្រចាំការគោលដៅ សហការជាមួយ នគរបាលព្រំដែនដីគោក លេខ ៨០៧ថ្មពួក បានឃាត់ខ្លួន ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន ១០ នាក់ (ស្រី២នាក់) ចេញតាមច្រកស្រែតាហម ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

ករណីមួយទៀត តែទាក់ទិននឹងពលករខ្មែរដែរ កាលពីយប់ ថ្ងៃទី៨ ខែតុលា ទាហានឈុត ខ្មៅថៃ (ទាហានប្រាណកងតូច ទី១២ របស់ថៃ ប្រចាំស្រុកអារញ្ញប្រថេត បានចាប់ពលករ ខ្មែរ លួចឆ្លងដែនចូល- ចេញ ពីប្រទេសដោយខុសច្បាប់ នៅ ២ គោលដៅផ្សេងគ្នា បាន ៤០ នាក់ នៅព្រំដែនស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

សារព័ត៌មានថៃ រាយការណ៍ថាៈ នោះជាការរិតបន្តឹង បញ្ហាការលួចឆ្លងដែន ដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងអំឡុង នៃរាតត្បាតរបស់កូវីដ-១៩ ។ ក្នុងនោះដែរ កងកម្លាំងបូរផា (ឈុតប៉ារ៉ា) បានចេញល្បាត និងឃ្លាំមើល ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ បានប្រទះឃើញ និងចាប់ខ្លួនពលករខ្មែរ ២៨ នាក់ (ស្រី៩) និងក្មេង ២ នាក់ នៅពេលកំពុង លួចឆ្លងដែន ចូលប្រទេស ដោយខុសច្បាប់ ដើម្បីទៅធ្វើការ នៅប្រទេសថៃ នៅបរិវេណ ភូមិណូន ផាត់ថះនា ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទើបឃុំខ្លួនយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ជាមួយគ្នានេះដែរ កម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត ខេត្តស្រះកែវដែរ ក៏ចាប់ខ្លួនពលករខ្មែរ នៅពេលពួកគេ កំពុងលួចឆ្លងដែន តាមច្រករបៀង ដោយខុសច្បាប់ ដោយពួកគេសារភាព ជំហ៊ានដំបូងថា ត្រូវការធ្វើដំណើរត្រឡប់ ទៅប្រទេសកម្ពុជា ចំនួន ១២ នាក់ (ស្រី៣នាក់ និងក្មេងម្នាក់) បាននៅបរិវេណឃុំ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបបញ្ជូនខ្លួន ទៅជំនាញ ស៊ើបសួរនៅស្រុកអារញ្ញ ដើម្បីចាត់ការ តាមច្បាប់បន្ត៕/V

website_news/2021131003.txt · Last modified: 2021/10/13 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki