website_news:2021131004

អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជិត៥០នាក់ត្រឡប់ទៅកម្ពុជាវិញ

https://www.rfa.org/khmer/news/ ដោយ ជាតិ ចំណាន2021-10-11

អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរជិត ៥០នាក់ ត្រឡប់ទៅកម្ពុជាតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១១ ខែតុលា។ ទន្ទឹមគ្នានេះមានពលករខ្មែរជាច្រើននាក់នៅតែបន្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ដដែល។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា ការឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងពេលមុនៗ។ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤៨នាក់ ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១១ ខែតុលា។ ពលករទាំងនោះត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅធ្វើចត្តាឡឺស័កស្រុកអូរជ្រៅនិងទីរួមខេត្តអស់ហើយ ក្រោយពេលអាជ្ញាធរធ្វើតេស្ដរកមេរោគជំងឺកូវីដ-១៩។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាទាំងនោះ គឺពួកគេឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។ ក្រៅអំពីពលករទាំងនេះ នៅមានពលរដ្ឋមួយចំនួនទៀត បន្តលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃជារៀងរាល់ថ្ងៃដដែល។ លោក អ៊ុំ សុផល បន្តថា ពលរដ្ឋទាំងនោះចាញ់បោកមេខ្យល់នាំឆ្លងដែនទៅប្រទេសថៃទាំងប្រថុយប្រថាន។ លោកបញ្ជាក់ថា មួយរយៈនេះយ៉ាងហោចណាស់មានពលរដ្ឋប្រមាណ១០នាក់ក្នុងមួយថ្ងៃ ត្រូវបានអាជ្ញាធរនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនចូលទៅប្រទេសថៃ៖ «រាល់ថ្ងៃថៃចាប់បញ្ជូនមកប្រហែលប៉ុណ្ណឹងឯង មួយថ្ងៃ៥០នាក់៦០នាក់។ គាត់លួចទៅថៃ ហើយអាជ្ញាធរតាមចាប់បានរហូត តែយើងបញ្ជូនទៅខេត្ត។អំឡុងពេលនេះប្រឈមជំងឺ កូវីដផង ហើយធ្វើដំណើរតាមផ្លូវថៃតឹងដែរមិនឱ្យចូលទេ»។

មេប៉ូលិសផ្កាយ១រូបនេះបន្ថែមទៀតថា អាជ្ញាធរខ្មែរនៅតែបន្តដាក់ពង្រាយកងកម្លាំងការពារតាមព្រំដែនទប់ស្កាត់ពលករឆ្លងដែនទៅប្រទេសថៃដដែល។ ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១០ តុលា អាជ្ញាធរថៃបានចាប់ខ្លួនពលករខ្មែរចំនួន១៥នាក់ ក្នុងពេលដែលពួកគេលួចឆ្លងដែននៅស្រុកតាបផាក់យ៉ា(Taphaya) ខេត្តស្រះកែវ (Srakao) ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ។ សារព័ត៌មានរបស់ថៃ ចុះផ្សាយនៅ១០តុលាឱ្យដឹងថា ពលករទាំងនោះមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ។ពួកគេបានឆ្លងដែនទៅប្រទេសថៃតាមរយៈមេខ្យល់ក្នុងតម្លៃពី៥ពាន់ទៅ៦ពាន់បាត ឬប្រមាណ១៩០ដុល្លារអាមេរិកក្នុងម្នាក់ ដើម្បីជាថ្នូរនាំទៅរកការងារធ្វើដោយខុសច្បាប់នៅខេត្តស្រះកែវ។ លោក អ៊ុំ សុផល ឱ្យដឹងថា ពលករទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនមកដល់កម្ពុជាវិញហើយ នៅថ្ងៃទី១១តុលា។

ទោះជាយ៉ាងណា មន្ត្រីអង្គការសង់ត្រាល់ ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា យល់ថា ពលករខ្មែរមិនគួរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះនោះទេ ពីព្រោះការឆ្លងដែនបែបនេះប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារ ឆ្លងជំងឺកូវីដ១៩ នឹងត្រូវទាហានថៃបាញ់បង្កគ្រោះថ្នាក់ដល់អាយុជីវិតជាដើម។ លោកបន្តថា មូលហេតុដែលពលរដ្ឋឆ្លងដែនទាំងប្រថុយប្រថានទៅប្រទេសថៃនេះ ដោយសារពួកគេមានជីវភាពក្រីក្រ ហើយជំពាក់បំណុលធនាគារ ស្របពេលដែលពួកគេអត់ការងារនៅក្នុងស្រុក៖ «ទី១គឺថៃមិនទាន់បើកច្រកឱ្យចេញចូលផ្លូវការបានទេ វាជាការល្មើសនូវបម្រាមរបស់ថៃ ដែលប្រឈមផ្នែកផ្លូវច្បាប់។ ទី២ពាក់ព័ន្ធឱកាសនៃការឆ្លងជំងឺកូវីដ១៩ ។ទី៣ការចាញ់បោក ព្រោះការទៅធ្វើការនៅថៃនៅពេលនេះ គេមិនមែនទៅដល់ឱ្យយើងធ្វើភ្លាមទេ គេឱ្យយើងទៅធ្វើចត្តាឡឺស័ក១៤ថ្ងៃអីណាណីអីចឹងទៀត ទម្រាំតែបានការងារធ្វើ។មែនៗទៅគឺប្រថុយខុសពីសព្វដងមានន័យថា ប្រថុយខ្ពស់ខ្លាំងជាងមិនទាន់មានកើតជំងឺកូវីដ»។

របាយការណ៍អង្គការសង់ត្រាល់ ឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរជាង៧រយនាក់ (៧៤១) ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងនោះមនុស្សជិត៤រយនាក់ (៣៦០) ត្រូវបានអាជ្ញាធរកម្ពុជានិងថៃចាប់ខ្លួន និងបញ្ជូនទៅចាត់ការតាមច្បាប់។របាយការណ៍ដដែល រកឃើញថា មានពលរដ្ឋខ្មែររាប់ពាន់នាក់បានចាញ់បោកមេខ្យល់នាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ មន្ត្រីសង្គមស៊ីវិល លោក ឌី ថេហូយ៉ា ជឿថា ដើម្បីកុំឱ្យពលរដ្ឋឆ្លងខុសច្បាប់អំឡុងពេលនេះ គឺរដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យបានច្រើនសម្រាប់ឱ្យពលរដ្ឋ និងជួយរកទីផ្សារលក់កសិផលមានតម្លៃសមរម្យជូនដល់ពលរដ្ឋ ដើម្បីពួកគាត់អាចដាំដុះលក់រកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ លោកថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនដោះស្រាយបញ្ហានេះទៀត នឹងធ្វើឱ្យពលរដ្ឋក្រីក្រធ្វើចំណាកស្រុកកាន់តែច្រើនជាមិនខាន៕

website_news/2021131004.txt · Last modified: 2021/10/13 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki