website_news:2021131006

ឃាត់ខ្លួនពលករខ្មែរ២០នាក់បម្រុងលួចឆ្លងដែនចូលប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១២ តុលា ២០២១ដោយ Sokhom Khon

ពលករខ្មែរប្រុសស្រីចំនួន២០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃត្រូវកម្លាំងចម្រុះឃាត់ខ្លួនបាននៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនពលករនេះ បានលោកបានដឹកនាំកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ក្នុងនោះលោកបានសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងចម្រុះចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែនក៏បានប្រទះឃើញពលករខ្មែរស្រី ប្រុសចំនួន២០នាក់ នៅត្រង់ចំណុចក្បាលទំនប់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវកម្លាំងចម្រុះធ្វើការឃាត់ខ្លួន រួចសួរនាំ និងបានប្រគលទៅឲ្យកម្លាំងជំនាញដើម្បីអនុវត្តទៅតាមច្បាប់បន្ត។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឲ្យដឹងថា កម្លាំងចម្រុះធ្វើការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយ កម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុង សហគមន៍ និងតំបន់ផ្សេងទៀត ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១និង៥១៣និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរ នាងប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យ ជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំណែកពលករទាំង២០នាក់នោះត្រូវបានកម្លាំងចម្រុះប្រគល់ទៅឲ្យក្រុមគ្រូពេទ្យយកទៅធ្វើតេស្តរហ័ស និងបន្តយកទៅចត្តាឡីស័ក នៅមណ្ឌលព្យាបាលដើម្បីឲ្យបានគ្រប់ចំនួនដែលក្រុមគ្រូពេទ្យដាក់ឲ្យអនុវត្តទើបអាចឲ្យវិញត្រឡប់ទៅផ្ទះវិញបាន៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021131006.txt · Last modified: 2021/10/13 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki