website_news:2021131201

កិច្ចប្រជុំរយៈពេល៣ថ្ងៃទទួលបានធាតុចូលជាច្រើនដើម្បីដាក់ក្នុងផែនការណ៍យុទ្ធសាស្ត្រជាតិ ១០ ឆ្នាំ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍

https://www.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍ | Publication date 11 December 2021 | 08:59 ICT

ក្រុងកំពង់ចាមៈ កិច្ចប្រជុំពិគ្រោះយោបល់រយៈពេល៣ថ្ងៃស្តីពី ផែនការយុទ្ធសាស្ត្រជាតិ សុខភាពជនទេសន្តរប្រវេសន៍ រយ:ពេល១០ឆ្នាំ (២០២១-២០៣០) ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃសុក្រទី១០ ធ្នូ ឆ្នាំ២០២១ ក្នុងក្រុងកំពង់ចាម និងទទួលបានធាតុចូលជាច្រើនពីភាគីពាក់ព័ន្ធ។ ការបិទបញ្ចប់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល ហើយបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមានសមាសភាពចូលរួមមកពី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតចំនួន ៥០រូប។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បី ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការណ៍យុទ្ធសាស្ត្រជាតិ១០ឆ្នាំ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍។

ថ្លែងក្នុងឱកាសពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា៖«ចំណុចសំខាន់នៃការខិតខំប្រឹងប្រែងក្នុងការរៀបចំនូវផែនកាណ៍យុទ្ធសាស្ត្រ គឺកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអនុវត្ត ពីគ្រប់ភាគីពាក់ព័ន្ធ ដែលមិនអាចមើលរំលងបាន ព្រោះមិនមានដំណោះស្រាយបញ្ហាសង្គមណាមួយ ដែលអាចដោះស្រាយតែម្នាក់ឯងបានឡើយ»។ លោកស្រីបានបន្ថែមថា ក្នុងនោះផងដែរ ការគ្រប់គ្រងទិន្នន័យក៏ជាបញ្ហាចម្បងមួយដែរ ព្រោះពួកគេនឹងមិនអាចធ្វើផែនការ ដើម្បីឆ្លើយតបបានត្រឹមត្រូវដោយគ្មានទិន្នន័យច្បាស់លាស់ឡើយ។ ដូច្នេះតាមរយៈផែនការណ៍យុទ្ធសាស្ត្រជាតិ១០ឆ្នាំ ស្តីពីសុខភាពទេសន្តរប្រវេសន៍ ក្នុងនាមរាជរដ្ឋាភិបាល លោកស្រីមានជំនឿថា ប្រជាជនកម្ពុជា នឹងទទួលបាននូវផលប្រយោជន៍ពិតប្រាកដ និងឈានដល់ការលុបបំបាត់ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចគ្រប់រូបភាព ក្នុងវដ្តទេសន្តរប្រវេសន៍៕

website_news/2021131201.txt · Last modified: 2021/12/13 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki