website_news:2021131205

ចំនួនពលករខ្មែរត្រឡប់ពីថៃមានការកើនឡើង តាំងពីកម្ពុជាបើកប្រទេសឡើងវិញ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 10 December 2021 | 10:07 ICT

ឧត្តរមានជ័យៈ រដ្ឋបាលខេត្ដជាប់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍កន្លងមកនេះចំនួនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ មានការកើនឡើងចាប់តាំងពីប្រទេសកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា នៅពេលដែលប្រទេសថៃនៅមិនទាន់មានគោលការណ៍បើកប្រទេសឡើងវិញនៅឡើយ។

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ នៅថ្ងៃទី ៩ ធ្នូថា រយៈពេល ១ សប្ដាហ៍មកនេះ ចំនួនពលករ-ខ្មែរ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់ចូលមកកម្ពុជាវិញតាមច្រកអូរស្មាច់មានការកើនឡើងពីជាង ១៥០ នាក់រហូតដល់ជាង ២០០ នាក់។ ការវិលត្រឡប់មកច្រើនរបស់ពលករខែ្មរនេះ គឺអាចបណ្ដាលមកពីការរកឃើញករណីមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង នៅក្នុងប្រទេសថៃ។ លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកាមក ដូច្នេះការចរាចរ គឺធម្មតានៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែការចរាចរធម្មតានៅប្រទេសថៃបើតាមព័ត៌មានដែលខ្ញុំទទួលបានខាងភាគីថៃ គឺមិនទាន់អនុញ្ញាតទេ។ ប៉ុន្ដែចំពោះការដឹកជញ្ជូនទំនិញ គឺមានចរាចរណ៍ធម្មតាដដែល»។ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកកម្ពុជាវិញ រដ្ឋបាលខេត្តបានទទួលជាធម្មតាដោយពិនិត្យសុខភាព ពិនិត្យកាតចាក់វ៉ាក់សាំងកូវីដ ១៩ និងធ្វើចត្ដាឡីស័ក ចំពោះពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩។

លោក រ៉ាដូ បញ្ជាក់ថា៖ «ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ឥឡូវមានច្រើនក្នុង ១ ថ្ងៃៗជាមធ្យមមាន ២០០ នាក់។ ការវិលត្រឡប់របស់ពលករមកកម្ពុជាវិញនេះ គឺចាប់ផ្ដើមកើនឡើងកាលពីសប្ដាហ៍មុន»។ លោកបានឱ្យដឹងថា បច្ចុប្បន្នក្នុងខេត្ដឧត្ដរមានជ័យ ពលករដែលត្រឡប់មកពីប្រទេសថៃវិញ កំពុងត្រូវធ្វើចត្តាឡីស័កមានចំនួន ៤៥១ នាក់ និងពលករដែលមានជំងឺកូវីដ ១៩ កំពុងបន្តសម្រាកព្យាបាលចំនួន ៨៧ នាក់។ ចំណែកពលករដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ ១៩ គឺតម្រូវឱ្យធ្វើចត្ដាឡីស័ករយៈពេល ១៤ ថ្ងៃតាមវិធានការសុខាភិបាល។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ៩ ធ្នូនេះដែរថា ពលករខ្មែរត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន ក្នុងភូមិសាស្ដ្រខេត្ដបាត់ដំបងកាលពីថ្ងៃទី ៨ ខែធ្នូនេះ មានចំនួន ២៥២ នាក់ ខណៈកាលពីខែវិច្ឆិកាកន្លងទៅ ពលករខ្មែរត្រឡប់មកពីថៃជាមធ្យមមានត្រឹមពី ៥០ ទៅ ៦០ នាក់ប៉ុណ្ណោះក្នុង ១ ថ្ងៃ។ លោកថ្លែងថា៖ «ពលករដែលត្រឡប់មកប្រទេសវិញ គឺយើងធ្វើតេស្ដទាំងអស់។ ចំណែកពលករដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ ២ ដូស យើងតម្រូវឱ្យពួកគាត់ធ្វើចត្ដាឡីស័ក ១៤ ថ្ងៃ»។ បច្ចុប្បន្នចំពោះពលករខ្មែរ ដែលអាចទៅធ្វើការនៅប្រទេសថៃ គឺទាល់តែមានលិខិតអនុញ្ញាតពីក្រសួងការងារនៅកម្ពុជា និងក្រសួងការងារនៅប្រទេសថៃ ដើម្បីចេញទៅបំពេញការងារលើផ្នែកណាមួយ ដូចជា កសិកម្ម ឧស្សាហកម្មជាដើម ទើបអាចចូលទៅធ្វើការនៅប្រទេសថៃបាន។

លោក ប៊ុនរិទ្ធិ បានឱ្យដឹងថា ពលករខ្មែរដែលកំពុងធ្វើចត្ដាឡីស័កក្នុងខេត្ដបាត់ដំបងបានចែកចេញជា ២ គឺពលករនៅក្នុងខេត្ដ និងពលករត្រឡប់មកពីប្រទេសថៃវិញ។ បច្ចុប្បន្នពលករក្នុងខេត្ដបាត់ដំបង ដែលកំពុងធ្វើចត្ដាឡីស័កមានចំនួន ២៥០ នាក់ រីឯពលករត្រឡប់មកពីប្រទេសថៃវិញមានចំនួន ២២៩ នាក់។ លោកបន្តថា ក្នុងខេត្ដបាត់ដំបង មានមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២ កម្រិតគឺមណ្ឌលព្យាបាលកម្រិតស្រាល និងមណ្ឌលព្យាបាលកម្រិតមធ្យម និងកម្រិតធ្ងន់ ខណៈបច្ចុប្បន្នមានអ្នកជំងឺកូវីដ ១៩កម្រិតស្រាលចំនួន ៨៥ នាក់ និងអ្នកជំងឺកម្រិតធ្ងន់ចំនួន ៨០ នាក់កំពុងសម្រាកព្យាបាល៕

website_news/2021131205.txt · Last modified: 2021/12/13 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki