website_news:2021131207

អតីតអ្នកតំណាងរាស្ត្រ លោក អះម៉ាត់យ៉ះយ៉ា និង ក្មួយប្រុស សុំឱ្យតុលាការឧទ្ធរណ៍ផ្តល់យុត្តិធម៌ និង ដោះលែងពីពន្ធនាគារ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្សឆ្លងដែន ទៅទ្វីបអារ៉ាប់!

https://dap-news.com/ ByTR110Posted on December 12, 2021

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ជនជាតិខ្មែរអ៉ីស្លាមចំនួន២នាក់ គឺ លោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែសីហា ២០១៩ កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ក្នុង មា្នក់ៗ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការនាំចេញដោយមិនស្របច្បាប់ នូវពលករខ្មែរ ចំនួន ៣១២នាក់ ទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអូឌីត ( Saudi Arabia) និង ក្រោយមក បានលក់ជនរងគ្រោះម្នាក់ៗ ក្នុងតម្លៃ ២ម៉ឺនដុល្លារអាមេរិក ធ្វើឱ្យធ្វើការជាមេផ្ទះ ឬ ពលករ នៅទីនោះ ប្រព្រឹត្តកាលពីអំឡុង ២០០៤ ដល់ ២០១៧។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ ២នាក់ មានឈ្មោះ អះម៉ាត់ យ៉ះយ៉ា ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម ជាអតីតអ្នកតំណាងរាស្ត្រ និង ជារដ្ឋលេខាធិការក្រសួង សាធារណៈការនិងដឹកជញ្ជូន និង ជាប្រធានក្រុមហ៊ុនAccent Group និង ម្នាក់ទៀត ឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម និង ជាអតីតមន្រ្តីរាជការ ធ្វើការនៅក្រសួងសាធារណៈការនិងដឹកជញ្ជូន។ លោកចៅក្រមសំណាងបានបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ១៥ ឆ្នាំ និង បង្កាប់ឱ្យរួមគ្នា សងជំងឺចិត្ត ដល់ដើមបណ្តឹងម្នាក់ៗ ២០០លានរៀល ពីបទ: នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន តាមបញ្ញាត្តិ មាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិង ការធ្វើអាជីវកម្មផ្លូវភេទ។ តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍។

ក្នុងចំណោមពួកគេទាំង២នាក់ ជនជាប់ចោទឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ខណៈឯ ជនជាប់ចោទ ឈ្មោះ អះម៉ាត់យ៉ះយ៉ា ត្រូវបានចាប់ឃាត់ និង ឃុំខ្លួន កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ បន្ទាប់ពី តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម និង សម្តេចផ្តន្ទាទោស គាត់ ដាក់ ពន្ធនាគារ កំណត់ ១៥ ឆ្នាំ។ នាពេលសវនាការ កាលពីថ្ងៃសុក្រ , ជនជាប់ចោទទាំង២នាក់ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការជំនុំជម្រះ បានឆ្លើយបដិសេធ យ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពួកគាត់ និង ការសម្រេចផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ អំពីចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ។ ពួកគាត់បានថ្លែងថា ពួកគាត់មិនបានដឹងឬបានប្រព្រឹត្តដូចការចោទប្រកាន់ពួកគាត់ខាងលើនោះទេ។

ពួកគាត់ទាំង២នាក់ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ មេតា្តជួយរកការពិត និង យុត្តិធម៌ដល់ពួកគាត់ផង និង សម្រេចទម្លាក់បទចោទប្រកាន់ និង ដោះលែង ពួកគាត់ អោយមានសេរីភាពវិញ។ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១៕ ដោយ រស្មី អាកាស

website_news/2021131207.txt · Last modified: 2021/12/13 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki