website_news:2021140101

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ របស់រដ្ឋបាលស្រុកក្រឡាញ់

https://www.facebook.com/deputygovernoryousophear/ 13-01-2021

នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ ដែលរៀបចំដោយក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរដ្ឋបាលស្រុកក្រឡាញ់ ដែលដឹកដោយ លោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្រុកក្រឡាញ់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាឃុំ ប្រធានការិយាល័យជុំវិញស្រុក និងអង្គការដៃគូ សរុប ២៨នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកក្រឡាញ់។

លោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្រុកក្រឡាញ់ បានធ្វើការត្រួតពិនិត្យការងាររយៈពេលពេញមួយឆ្នាំ២០២០ ដែលក្រុមការងារនៃរដ្ឋបាលស្រុកព្រមទាំងរដ្ឋបាលឃុំទាំង១០ និងអង្គការដៃគូទាំងអស់ ដែលបានអនុវត្តសកម្មភាពពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ បន្ថែមពីនោះលោកស្រី អភិបាលស្រុក បានដាក់ទិសដៅជា ផែនការសកម្មភាពសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២១ រួមាន៖ ១.ការៀបចំកិច្ចប្រជុំជាទៀងទាត់សម្រាប់ធ្វើការត្រួតពិនិត្យ ពិភាក្សារកដំណោះស្រាយលើបញ្ហាពាក់ព័ន្ធ ២. ពង្រឹងកិច្ចសហការជាមួយគ្រប់អ្នកពាក់ព័ន្ធ ក្នុងការបង្ការទប់ស្កាត់ តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយស្របច្បាប់ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ច្បាប់ពាក់ព័ន្ធនិងការឱកាសការងារក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៣. ពង្រឹងការគ្រប់គ្រង ចំណាក និងចំណូលស្រុក ពង្រឹងការធ្វើចត្តាឡីស័ក និងការផ្តល់សេវាសមស្របជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបនេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានថ្នាក់ខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ ស្រុក និងថ្នាក់ឃុំ លើការរៀបចំផែនការសកម្មភាព និងផែនការថវិកា ដើម្បីស្វែងរកការគាំទ្របន្ថែមពីអង្គការដៃគូពាក់ព័ន្ធ សម្រាប់អនុវត្តសកម្មភាពដែលជាតម្រូវការចំបាច់ ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងជំរុញឱ្យរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីធ្វើការតាមដាន និងមានដំណោះស្រាយជាប្រចាំរាល់បញ្ហាទាក់ទងនឹងអំពើជួញដូរមនុស្ស ឬ ការរំលោភបំពាននានាលើស្រ្តី និងកុមារ។

website_news/2021140101.txt · Last modified: 2021/01/14 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki