website_news:2021140105

នាយឧត្តមសេនីយ៍ អ៊ី ឈាន ៖ ពង្រឹងសមត្ថកិច្ចកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩

https://grandnewsasia.com/ 13-01-2021

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងា បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយខេត្តប៉ៃលិនគិតដល់ពេលនេះ បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ ចំនួន ១៣នាក់ វិជ្ជមានជម្ងឺកូវីត-១៩ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៦នាក់ និងចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលផ្ទះសំណាក់គ្រូបង្រៀនខេត្ត។

លោកប្រធានក្រុមការងារ ក៍បានមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន មន្ត្រីជំនាញសុខាភិបាលត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន ដើម្បីទុបស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារទាំងកំលាំងកាយទាំងកំលាំងចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា៖ អំណោយដែលលោក អ៊ី ឈាន ឧបត្ថម្ភជូនដល់កងកម្លាំង ដែលកំពុងប្រចាំការ ទាំង ២៥គោលដៅ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា+ថៃ ដោយក្នុង ១គោលដៅៗ ទទួលបានរួមមាន៖ អង្ករ ១០០គីឡូក្រាម មី៣កេះ ត្រីខ ២យួ ទឹកស៊ីអ៊ីវ ១យួ ទឹកសុទ្ធ ៤យួ, ទឹកក្រូច ២កេះ ស្មើនឹង៣ឡូ ម៉ាស់ ៤ប្រអប់ ជែល ១ដុំ ស្មើនឹង ១២ដបតូច ផ្អក ២កែវ ពងទា ២ជុង និងកងកម្លាំង ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣ម៉ឺនរៀលផងដែរ៕

website_news/2021140105.txt · Last modified: 2021/01/14 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki