website_news:2021140603

អាជ្ញាធរខេត្តសៀមរាប ទទួលពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិនានាចំនួន ៥១ នាក់ កាលពីម្សិលមិញ

https://www.postkhmer.com/ នៅ ស៊ីវុត្ថា | Publication date 12 June 2021 | 10:44 ICT

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កាលពីម្សិលមិញនេះ បានទទួលពលករមកពីប្រទេសថៃ តាមច្រកអន្តរជាតិនានាមកកាន់ខេត្តមានចំនួន៥១នាក់ ខណៈពលករនៅតែបន្តវិលចូលជារៀងរាល់ថ្ងៃប៉ុន្តែមានចំនួនតិចជាមុន។

លោក ស៊ុន ចំណាន អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ នេះថា ប្រជាពលរដ្ឋខ្មែរទាំង ៥១ នាក់នោះ បានទៅបំពេញការងារនៅក្នុងប្រទេសថៃ។ លោក ស៊ុន ចំណាន បន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចំនួន ៣ ក្រុម សម្រាប់ធ្វើការសម្របសម្រួលនៅតាមព្រំដែន រួមមានប៉ោយប៉ែត អូស្មាច់ និងអូរបីជាន់ជាដើម បន្ទាប់ពីពលករទាំងនោះត្រឡប់មកវិញ តាមរយៈការដឹកជញ្ជូនតាមរថយន្តដែលត្រូវបានរៀបចំជូនពួកគាត់ ដើម្បីយកមកធ្វើចត្តាឡីស័កចំនួន ៣ ទីតាំង។ បើតាម លោក ស៊ុន ចំណាន មកដល់ពេលនេះ ចំនួនពលករដែលមកពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ហាក់មានចំនួនថយចុះច្រើនជាងលើកមុន ដោយសារតែ អាជ្ញាធរថៃមានការរឹតបន្តឹង និងមួយទៀត គឺពលរដ្ឋបានមកកាលពីលើកមុនមានចំនួនច្រើនដងរួចមកហើយ។ លោក ស៊ុន ចំណាន ថ្លែងថា៖ «នៅពេលដែលគាត់មកដល់ យើងយកពួកគាត់ទៅដាក់នៅមណ្ឌលចត្តាឡីស័កដែលយើងរៀបរួចហើយ ដើម្បីតាមដានសុខភាពរបស់ពួកគាត់នៅពេលចប់ ១៤ ថ្ងៃហើយ អត់មានអីទេ យើងឱ្យគាត់ទៅផ្ទះវិញហើយ»។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបបង្ហាញថា ពលករទាំង ៥១ នាក់ មានស្រី ចំនួន ២៥ នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័កនៅសៀមរាបក្នុងថ្ងៃនេះទាំងអស់ហើយ។

ដោយឡែក របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃម្សិលមិញ បានទទួលពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន ៥ នាក់ និងរកឃើញឆ្លងជំងឺកូវីដ ១៩។ របាយការណ៍ដដែលបញ្ជាក់ថា ចំពោះពលករដឹកចូលពីខេត្តប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ២៤ នាក់ ពលករចូលតាមច្រកក្នុងខេត្ត ១៤៨ នាក់ និងពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ៣២ នាក់ ដូច្នេះពលរដ្ឋចូលក្នុងមណ្ឌលចត្តាឡីស័កថ្ងៃនេះសរុប ២០៤ នាក់៕

website_news/2021140603.txt · Last modified: 2021/06/14 16:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki