website_news:2021140604

អូស្ដ្រាលី ផ្ដល់ថវិកា ១៣ម៉ឺនដុល្លារ សម្រាប់លុបបំបាត់ ការគំរាមកំហែង និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅកម្ពុជា

https://dap-news.com/international/ ByKD102 Posted on June 12, 2021

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្ដល់ថវិកា១៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាព និងកិច្ចសហការជាមួយនគរបាលជាតិកម្ពុជាសម្រាប់លុបបំបាត់ការគំរាមកំហែងនិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អូស្ដ្រាលី បញ្ជាក់ជាថ្មីពីការគាំទ្រ លើការលុបបំបាត់ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ នៅកម្ពុជា។ ស្ថានទូតបន្ដថា កុមារគ្រប់រូបសមទទួលបាន ការធំធាត់ដោយសុវត្ថិភាព និងគ្មានការគំរាមកំហែងរំលោភបំពាន ឬបង្ខិតបង្ខំឲ្យធ្វើការ។ នៅកម្ពុជា ប៉ូលីសសហព័ន្ធអូស្រ្តាលី កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនគរបាលជាតិកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង កេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅកម្ពុជា។

ស្ថានទូត បញ្ជាក់ថា «អូស្រ្តាលី នឹងបន្តវិនិយោគពេលវេលា និងធនធានរបស់យើង ក្នុងបញ្ហាសំខាន់នេះ រួមទាំង ថវិកាចំនួន១៣ម៉ឺនដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ការកសាងសមត្ថភាព និងកិច្ចសហការជាមួយនគរបាលជាតិកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែងកេងប្រវ័ញ្ច ផ្លូវភេទលើកុមារនៅកម្ពុជា»។ ជាងនេះទៅទៀត ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា ក៏បានលើកឡើងថា អូស្រ្តាលី កំពុងផ្តល់ការបណ្តុះបណ្តាលជំនាញ គាំទ្រផ្នែកកោសល្យវិច្ច័យឌីជីថល និងសម្ភារៈព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់នគរបាលជាតិកម្ពុជា ធ្វើការស៊ើបអង្កេតរបស់ខ្លួន។ ហើយក៏បានគាំទ្រ អង្គការ APLE Cambodia ធ្វើការបោះពុម្ភបញ្ជីជាតិរៀបរាប់ពីសេវាកម្មគាំទ្រជនរងគ្រោះ នៅក្នុងប្រទេសកម្ពុជា ផងដែរ ៕

website_news/2021140604.txt · Last modified: 2021/06/14 16:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki