website_news:2021140605

សមត្ថកិច្ចស្ទាក់ឃាត់ខ្លួនពលករខ្មែរ ១០នាក់ដែលត្រឡប់មកពីប្រទេសថៃតាមផ្លូវកាត់ យកទៅធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល

https://www.gntimes.com/ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១

ខេត្តបាត់ដំបង÷ សមត្ថកិច្ចការពារគោលដៅព្រំដែនកម្ពុជាថៃ បានស្ទាក់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលជាពលករសំណាកស្រុក១០នាក់ ដែលបាននាំគ្នាត្រឡប់មកពីប្រទេសថៃតាមផ្លូវកាត់ច្រករបៀងយកទៅណែនាំ និងប្រគល់ឲ្យគ្រូពេទ្យយកទៅធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ ។ នគរបាលការពារគោលដៅតំបន់ព្រំដែនបានឲ្យដឹងថា អនុវត្តតាមផែនការស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ កន្លងមកនេះកម្លាំងចម្រុះបានចុះល្បាតនាំខ្លួនពលករខ្មែរ ១០នាក់ ដើម្បីយកទៅអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ ពីខាងក្រៅចូលមកក្នុងប្រទេសកម្ពុជា ។ ពលករខាងលើសរុប ១០ នាក់ក្នុងនោះ ប្រុស០៤នាក់ ក្មេងស្រី ០៦នាក់ ដោយអ្នកទាំងអស់បាននាំគ្នាព្យាយាមគេចវេសមិនចូលធ្វើចត្តាឡីស័កក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង ។ ប្រភពដដែលបន្តថា ពលករទាំង១០នាក់នៅថ្ងៃខាងលើបាននាំគ្នាលួចឆ្លងដែនដោយចេញពីទឹកដីថៃហើយចូលមកប្រទេសកំណើតវិញកាត់តាមត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូលេខ៩ ឃុំ ជ្រៃសីមា និង ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំ សិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង ។ ក្រោយពីសមត្ថកិច្ចការសាកសួរនិងណែនាំអប់រំកម្លាំងសមត្ថកិច្ចការពារគោលដៅតំបន់ព្រំដែនបានបញ្ជូនពលករទាំង ១០នាក់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំយកទៅធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យ កូនភ្នំ៣២ តាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលផងដែរ ៕

website_news/2021140605.txt · Last modified: 2021/06/14 17:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki