website_news:2021140705

កូវីដ-១៩ នាំចូលមកកម្ពុជាមានច្រើនជាង ២,១០០ ករណីត្រឹម១១ ថ្ងៃដើមខែកក្កដា

https://kohsantepheapdaily.com.kh/ Phnom Penh១២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៨:៤៨

រាជធានីភ្នំពេញ ៖ ត្រឹមរយៈពេល ១១ ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមានករណីនាំចូលកូវីដ-១៩ សរុប ២១៩៣ នាក់ ដែលភាគច្រើនគឺជាពលករខ្មែរមកពីប្រទេសថៃ ។ ដែលការរកឃើញច្រើននេះផងដែរ ដោយសារតែមានការរឹតបន្តឹងយ៉ាងខ្លាំងក្លាក្នុងការធ្វើតេស្តរាល់ពលករត្រឡប់ចូលមកកម្ពុជាវិញ

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយរៀងរាល់ថ្ងៃ បានបង្ហាញឱ្យឃើញថា រយៈពេល ១១ ថ្ងៃនៃខែកក្កដានេះ កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ សរុប ១០,៤៨៦ នាក់ ក្នុងនោះចំនួន ២,១៩៣ ជាករណីនាំចូលកម្ពុជា ដែលភាគច្រើនជាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ក្រោយពីប្រទេសជិតខាងកម្ពុជាមួយនេះបានប្រកាសបិទប្រទេសដោយសារតែការវាយលុយរបស់វីរុសបំប្លែងថ្មីដែលតា ។

ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ពលករខ្មែរត្រឡប់មកពីថៃមានចំនួនច្រើន នាំឱ្យរកឃើញករណីនាំចូលកូវីដ មកកម្ពុជាកាន់តែកើនឡើងផងដែរ ។ លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការរឹតបន្តឹងតាមច្រកព្រំដែនគោក ទឹក និងអាកាស គឺជាការដាក់ចេញនូវវិធានការមួយដើម្បីទប់ស្កាត់ការចូលមកនូវវីរុស១៩ មកក្នុងប្រទេសកម្ពុជា ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា «កាលដែលយើងរកឃើញច្រើន ដោយសារតែកំណើននៃពលករគាត់វិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា បើយើងប្រៀបធៀបជាមួយនឹងដំណាក់កាលមុនៗ ។ កាលពីប៉ុន្មានខែមុន មានពលករមកដែរ តែក្នុងកម្រិតមួយទាប ។ ប៉ុន្តែនៅពេលដែលព្រះរាជាណាចក្រថៃ គាត់ប្រកាសការបិទប្រទេស ដល់អ៊ីចឹងពលករយើងធ្វើដំណើរត្រឡប់មក (កម្ពុជា) មានកំណើនច្រើន ។ ហើយធម្មតា កាលណាកំណើនច្រើន ការរុករក គឺឃើញច្រើនហើយក្មួយ វាជៀសមិនរួចទេ ។ មកតិច មើលឃើញតិច មកច្រើន មើលឃើញច្រើន » ។

លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា «ដូចខ្ញុំបានជម្រាបជូនអញ្ចឹង ការឆ្លងនូវវីរុសកូវីដ-១៩ ហ្នឹង វាតាមការចល័តរបស់បុគ្គល ពេលគាត់ចល័តមក មេរោគអាចនឹងមកជាមួយគាត់ហើយ អ៊ីចឹងកាលណាយើងរឹតបន្តឹង យើងធ្វើតេស្តទៅយើងឃើញច្រើន អ៊ីចឹងនេះគឺជាចំណុចល្អមួយ ដែលយើងរកឃើញបានទាន់ពេលវេលា ។ ឥឡូវយើងគិតទៅវិញ បើសិនជាសម្តេច លោកមិនរឹតបន្តឹង ហើយយើងរកឃើញមិនទាន់ ហើយអ្នកនឹងគាត់មាន ហើយគាត់ចូលមកកម្ពុជា ហើយអាហ្នឹង វាជាការនាំចូលវីរុសមកកម្ពុជាឬអត់ ? វានឹងនាំចូលមក ក្មួយ ។ ដូច្នេះការរឹតបន្តឹងនិងការធ្វើតេស្តរហ័ស គឺជាចំណុចល្អណាស់ ដែលសម្តេច លោកបានដាក់ចេញនូវ យុទ្ធសាស្រ្តមួយ គឺការត្រួតពិនិត្យដ៏ម៉ត់ចត់ជាទីបំផុតនូវអ្នកដំណើរ ដែលចូលមកក្នុងព្រះរាជណាចក្រកម្ពុជា ទាំងផ្លូវអាកាស ទាំងផ្លូវទឹកនិងផ្លូវគោក » ៕

website_news/2021140705.txt · Last modified: 2021/07/14 20:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki