website_news:2021140901

ទាហានឈុតខ្មៅថៃចាប់ខ្លួន ពលករខ្មែរ ១៥ នាក់ ឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ១២ កញ្ញា ២០២១ដោយ Dy Bunnara

ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ១៥ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួន ខណ:លបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥ និង ៣០ នាទី ទៀបភ្លឺ ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។ នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៥ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាជិះតាមរថយន្តមួយគ្រឿង ដែលអ្នកបើកបរគឺជាជនជាតិថៃ និងជាមេខ្យល់នាំផ្លូវ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ សហការជាមួយកម្លាំងតម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ៦ និង ស្រី ៩ នាក់ ប៉ុន្តែនៅពេលឃើញសមត្ថកិច្ច អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់នូវរថយន្តមួយគ្រឿងជាវត្ថុតាងសម្រាប់អោយសមត្ថកិច្ចយកទៅស្រាវជ្រាវរកម្ចាស់ មកសួរនាំតាមផ្លូវច្បាប់ ។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេត្រូវចំណាយលុយមួយចំនួនទៅអោយអ្នកនាំផ្លូវ នៅពេលដែលជូនដល់គោលដៅ ដោយពួកគេមានបំណងទៅធ្វើការនៅខេត្តខុសៗគ្នា ពិសេសគឺនៅទីក្រុងបាងកក ។ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី ដោយពលករខ្មែរទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ៗគ្នា៕ អត្ថបទ : សោ និយមរ័ត្ន

website_news/2021140901.txt · Last modified: 2021/09/14 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki