website_news:2021141001

រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋ ២នាក់ ដែលចាញ់បោកមេខ្យល់នៅចិន មកកម្ពុជាវិញ

http://freshnewsasia.com/ 2021-10-13 01:46pm

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋ ២នាក់ ដែលពួកគាត់អះអាងថា ចាញ់បោកមេខ្យល់ទៅនៅប្រទេសចិន កាលពី ៥ឆ្នាំមុន ហើយត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជួយអន្តរាគមន៍គ្រប់បញ្ហាទាំងអស់ ឲ្យតែទទួលបានព័ត៌មាន។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជារាជរដ្ឋាភិបាល យើងពិតជានាំគ្នាដុតដៃដុតជើង ជួយពលរដ្ឋតែទន្ទឹមនឹងនោះ យើងចង់ការពារជនរងគ្រោះពិត ហើយក៏ត្រូវមានវិធានការដើម្បីទប់ស្កាត់ មិនឲ្យរងគ្រោះ ជាជាងការដែលចាំជួយនៅពេលរងគ្រោះរួចហើយ! យើងនឹងគិតទាំងអស់គ្នា។ ឥឡូវដោះស្រាយបញ្ហាចំពោះមុខសិន!»។

ការដុតដៃដុតជើងអន្តរាគមន៍ពីរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីស្ត្រី ២នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះផងនោះ អំពាវនាវទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម Tik Tok ជួយសង្គ្រោះនាងឱ្យបានមាតុភូមិនិវត្តន៍វិញ។ ក្នុងវីដេអូ ដែលបង្ហាញពីការទួញសោកលាយឡំនឹងទឹកភ្នែក ពួកគាត់អះអាងថា កំពុងស្ថិតនៅក្វាងចូវ ហើយអត់មានអាហារហូបនោះទេ។

ជនរងគ្រោះទី១ មានឈ្មោះថា ឈឺន សុផៃ ទីកន្លែងកំណើតនៅភូមិកសិកម្ម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចំណែកឯជនរងគ្រោះទី២ មានឈ្មោះថា លីន សាវ៉ន ទីកន្លែងកំណើតភូមិម៉ាសែន ឃុំប៉ាហាល ស្រុកត្បែង ខេត្តព្រះវិហារ។ តាមរយៈបណ្តាញ Tik Tok ជនរងគ្រោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបានមកខ្លួននៅប្រទេសចិនអស់រយៈពេល ៥ ឆ្នាំហើយ។ ខ្ញុំបានចាញ់បោកមេខ្យល់ឡើងមក។ អញ្ចឹងខ្ញុំសុំឱ្យសម្ដេច ប៊ុន រ៉ានី និងសម្ដេច ហ៊ុន សែន ជួយយកខ្ញុំទៅខ្មែរផង។ នេះជាលេខទូរសព្ទខ្ញុំ 19979098645»៕

website_news/2021141001.txt · Last modified: 2021/10/14 19:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki