website_news:2021141003

ពលករបេះផ្លែមៀននៅថៃត្រូវថៅកែបោះបង់ចោលក្រោយឆ្លងកូវីដ-១៩

https://www.rfa.org/khmer/news/ ដោយ មួង ណារ៉េត2021-10-12

ពលករខ្មែរបេះផ្លែមៀននៅប្រទេសថៃមានគ្នាជាង ៤០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ត្រូវបានថៅកែថៃដឹកមកទុកចោលនៅទីតាំងមួយកន្លែងដោយមិនបានផ្ដល់ការព្យាបាលនោះទេ។ មន្រ្តីសង្គមស៊ីវិលជំរុញទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃស្វែងរកពលករទាំងនេះដើម្បីជួយសម្របសម្រួលឲ្យបានព្យាបាលជំងឺ។ ពលករខ្មែរបេះផ្លែមៀននៅប្រទេសថៃ ដែលឆ្លងជំងឺកូវីដ-១៩ ត្អូញត្អែរថា ពួកគេត្រូវបានថៅកែយកទៅទុកចោលមិនផ្ដល់ថ្នាំព្យាបាល អាហារហូបចុក និងកន្លែងរស់នៅសមរម្យនោះទេ។ ពលករបន្តថា ពួកគេមានគ្នាជិត ៥០នាក់ និងបានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ជាង ១០ថ្ងៃមកហើយ។

ពលករកំពុងឆ្លងជំងឺកូវីដ-១៩ ម្នាក់លោកស្រី ឈឿន ស្រី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែតុលាថា លោកស្រីបានឆ្លងជំងឺកូវីដ-១៩ ពេលកំពុងបេះផ្លែមៀនក្នុងចម្ការមួយកន្លែងនៅខេត្តច័ន្ទបូរី (Chan Bori) ប្រទេសថៃ។ លោកស្រីបន្តថា ពេលថៅកែជនជាតិថៃដឹងថា ពលករឆ្លងជំងឺកូវីដ ថៅកែបានដឹកកម្មករទៅដាក់ចោលនៅលើដីមួយកន្លែង ហើយក៏មិនបានទាក់ទងមកក្រុមពលករនោះដែរ៖ «អត់មានពេទ្យមានអីមកមើលផងបង គេ(ថៅកែ)យកមកថាមានពេទ្យមានថ្នាំដល់ពេលពួកខ្ញុំមកអត់មានឃើញពេទ្យមកផង»។

ពលករម្នាក់ទៀតលោក នង ហេង ឲ្យដឹងដែរថា នៅកន្លែងនេះគ្មានទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់នោះទេ។ បន្ថែមពីនេះលោកថា ក្រុមពលករត្រូវរៃលុយគ្នាទិញបាយម្ហូបនិងទិញថ្នាំព្យាបាលដោយខ្លួនឯង៖ «គេអត់មានផ្ដល់ដំណឹងអីផង ដល់ឃើញមានជំងឺកូវីដ១៩ គេយកមកដាក់នៅហ្នឹងប៉ាដោយគេអត់មានផ្ដល់ដំណឹងអីផង ទឹកចេញមកច្រូចៗពីរថ្ងៃហើយបានងូតទឹកម្ដងហើយ ណាមួយអត់មានគ្រប់គ្រាន់ទឹកភ្លើងអត់មានគ្រប់គ្រាន់់»។

រីឯពលករឆ្លងជំងឺកូវីដ-១៩ ម្នាក់ទៀតលោកស្រី គន់ ហឿន ប្រាប់ថា គ្រួសារលោកស្រីឆ្លងជំងឺនេះទាំងប្ដីនិងប្រពន្ធ។ លោកស្រីឲ្យដឹងទៀតថា ពេលនេះលោកស្រី កំពុងមានអាការៈធ្ងន់ធ្ងរដោយឡើងកម្ដៅខ្លាំង ពិបាកដកដង្ហើម និងពិសារអាហារលែងបាន។ ពលការិនីរូបនេះ ស្នើទៅស្ថានទូតខ្មែរនៅប្រទេសថៃ និងរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ដើម្បីឲ្យក្រុមពលករទាំងអស់ទទួលបានការព្យាបាលត្រឹមត្រូវពីក្រុមគ្រូពេទ្យ៖ «ខ្ញុំធ្ងន់ជាងគេក្អកៗហើយហត់ក្ដៅខ្លួនអត់សូវស្រួលជាងគេគេគ្រាន់តែផ្ដាសាយ ខ្ញុំហូបអីអត់បានផងហ្នឹង»។

ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺពីមន្រ្តីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកទទួលបន្ទុកពលករលោក គឹម ចំរើន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួលនៅថ្ងៃទី១២ ខែតុលា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សុំមិនបកស្រាយបញ្ហានេះទេ លោកជំរុញឲ្យទៅសួរមន្រ្តីស្ថានទូតនិងក្រសួងពាក់ព័ន្ធ។ ទោះយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះយល់ថា ស្ថានទូតខ្មែរ គឺជាអ្នកទទួលបន្ទុកដោះស្រាយជូនពលករពេលដែលកើតមានបញ្ហាដូចនេះ៖ «គេធ្វើតាមតួនាទីភារកិច្ចរបស់ស្ថានទូតតាមការណែនាំរបស់រដ្ឋាភិបាលក៏ដូចក្រសួងការបរទេសស្ថានទូតហ្នឹងជាតំណាងរាជរដ្ឋាភិបាលជួយគាំពារដល់ពលករខ្មែរយើងនៅក្រៅប្រទេស»។ នេះមិនមែនជាលើកទី១ទេ ដែលពលករខ្មែរឆ្លងជំងឺកូវិដ១៩ មិនត្រូវបានថៅកែយកចិត្តទុកដាក់។ កន្លងទៅពលករខ្មែរជាច្រើននាក់ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវរស់នៅវេទនាដោយគ្មានគ្រូពេទ្យព្យាបាលនិងស្នាក់នៅក្នុងតង់កៅស៊ូតាមយថាកម្ម។

ជុំវិញរឿងនេះមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(CENTRAL)លោក ឌីថេ ហូយ៉ា សង្កេតឃើញថា ចាប់តាំងពីមានការរាលត្បាតជំងឺកូវីដ-១៩ មកបញ្ហាបែបនេះកើតឡើងជាហូរហែ ដែលនេះជាការខ្វះការទទួលខុសត្រូវរបស់ភាគីថៅកែ។ លោកស្នើទៅភាគីថៅកែត្រូវមានការទទួលខុសត្រូវចំពោះករណីនេះ។ លោកជំរុញពលរដ្ឋត្រូវព្យាយាមទាក់ទងទៅស្ថានទូត ឬអ្នកពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍៖ «បញ្ហាកូវីដនេះជាបញ្ហាសកលអញ្ចឹងបើសិនគាត់(ពលករ)គាត់ធ្វើការនៅកន្លែងណា គ្រឹះស្ថានរោងចក្រសហគ្រាស គឺត្រូវទទួលខុសត្រូវក្នុងការព្យាបាល»។

របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់ជិត២លាននាក់(២.០០០.០០០) នៅប្រទេសថៃ។ ក្នុងចំណោមនោះគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ក្រសួងសុខាភិបាលថៃបានរកឃើញពលករខ្មែរជាង ២ម៉ឺន៣ពាន់នាក់ (២៣.២១១) ឆ្លងជំងឺកូវីដ។ លោក ឌីថេ ហូយ៉ា ជំរុញទៅមន្ត្រីស្ថានទូតខ្មែរនៅប្រេទសថៃធ្វើការងាររបស់ខ្លួនឲ្យសកម្មថែមទៀតដើម្បីជួយសម្របសម្រួល ឬធ្វើអន្តរាគមន៍ជួយពលករដែលជួបទុក្ខលំបាកនេះ៕

website_news/2021141003.txt · Last modified: 2021/10/14 19:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki