website_news:2021141202

សមត្ថកិច្ចបញ្ជូនជនសង្ស័យជាមេខ្យល់ម្នាក់ទៅតុលាការ ករណីនាំពលករឆ្លងដែនទៅថៃ

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 12 December 2021 | 17:44 ICT

បាត់ដំបងៈ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យជាមេខ្យល់ម្នាក់ទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែធ្នូ ពាក់ព័ន្ធករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន ចំណែកពលករដែលចាញ់បោកមេខ្យល់ ត្រូវបានអប់រំរួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី១២ ខែធ្នូថា បន្ទាប់ពីទទួលសំណុំរឿងដែលអធិការស្រុកកំរៀងបញ្ជូនមកនៅថ្ងៃទី១០ ខែតុលា សមត្ថកិច្ចការិយាល័យជំនាញបានបន្តនីតិវិធី និងបានបញ្ជូនជននោះទៅតុលាការនៅថ្ងៃទី១១ខែធ្នូ ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកស្រីថ្លែងថា ៖«យើងបានបញ្ជូនជនសង្ស័យនោះទៅតុលាការរួចហើយកាលពីម្សិលមិញ» ។

លោក ង៉ែត វណ្ណា អធិការរងនគរបាលស្រុកកំរៀងបានឲ្យដឹងនៅថ្ងៃទី១២ខែធ្នូថា កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ឃាត់បានមេខ្យល់ម្នាក់រួមនឹងពលករដែលបម្រុងឆ្លងដែននៅថ្ងៃទី៩ ខែធ្នូ នៅចំណុចព្រំដែនកម្ពុជា ថៃក្នុងភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង។ លោកថាបន្ទាប់មកនៅថ្ងៃទី១០ ខែធ្នូ ផ្នែកជំនាញរបស់លោកបានទទួលជនសង្ស័យម្នាក់នោះរួមនឹងមនុស្សចំនួន១២នាក់ ស្រីចំនួន៧នាក់ ក្នុងនោះមានអនីតិជន៣នាក់ ស្រី២នាក់។នៅថ្ងៃដដែលនោះមន្ត្រីជំនាញបានសាកសួរពលករទាំងអស់នោះដែលជាលទ្ធផលពួកគេប្រាប់ថា មានបំណងទៅធ្វើការនៅប្រទេសថៃ ហើយបានទាក់ទងជាមួយមេខ្យល់ដោយស្រុះស្រួលគ្នាយកថ្លៃឈ្នួលនាំផ្លូវក្នុង១នាក់ចំនួន៧០០០ ទៅ៨ ០០០បាត ហើយដល់កន្លែងធ្វើការទើបយកប្រាក់។

លោកថ្លែងថា៖«ពួកគាត់បាននាំគ្នាជិះរថយន្តឈ្នួលមកដល់ស្រុកកំរៀងក៏មានម៉ូតូមកឌុបបន្តយកទៅដាក់ក្នុងចម្ការដំឡូងមី១កន្លែងរហូតដល់វេលាយប់ក៏មានមនុស្សប្រុសចំនួន២នាក់(មេខ្យល់)មកនាំពួកគាត់ដើរសំដៅទៅប្រទេសថៃក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមនឹងមេខ្យល់១នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់»។ លោកបញ្ជាក់ថា ជនសង្ស័យ ឈ្មោះគង់ វង់ ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ ជននោះបានសារភាពថា ពិតជាបាននាំក្រុមពលករដែលសមត្ថកិច្ចឃាត់មកសាកសួរនោះយកទៅប្រទេសថៃប្រាកដមែន។ ដោយឡែកពលករដែលចាញ់បោកមេខ្យល់ត្រូវបានអប់រំណែនាំរួចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ។

លោក ដួង សារ៉ន អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា ករណីឈ្មោះ គង់ វង់ ដែលជាមេខ្យល់នោះបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរួចហើយនៅថ្ងៃទី១២ ខែធ្នូ។

ចំណែកលោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យតុលាការខេត្តបាត់ដំបងប្រាប់ថា ករណីនេះលោកស្រីមិនទាន់ដឹងថាចៅក្រមសម្រេចឃុំខ្លួនឬនៅទេមកដល់ម៉ោង៥ល្ងាចថ្ងៃទី១២ ខែធ្នូ ។ យ៉ាងណា លោកស្រីបញ្ជាក់ថា នឹងជូនដំណឹងនៅពេលទទួលបានព័ត៌មាននេះ៕

website_news/2021141202.txt · Last modified: 2021/12/14 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki