website_news:2021141203

នទក បានបិទខ្ទប់គេហទំព័រ និង យូអអិល ចំនួន ៩ ដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 14 December 2021 | 09:03 ICT

ភ្នំពេញៈ និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចាត់វិធានការបិទខ្ទប់គេហទំព័រ និង យូអអិល (URLs) ចំនួន ៩ បន្ទាប់ពីរកឃើញថា គេហទំព័រទាំងនេះបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់និយតករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី ១៣ ធ្នូ បានឱ្យដឹងថា ន.ទ.ក នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធនិងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និង យូអអិល ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ ន.ទ.ក បានសង្កត់ធ្ងន់ថា៖ «សកម្មភាពនេះ បានជំរុញ និងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ»។ គេហទំព័រ (វេបសាយ) ទាំង ៩ រួមមាន Xvideos.com, Dood.ws, Quip.com, Haraag.net, theporndude.com, 8kun.top, xnxx.com, xnxx2.pro, និង pornimages-xxx.com។

លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ សម្តែងការគាំទ្រចំពោះចំណាត់ការនេះដោយលោកមើលឃើញថា កុមារមួយចំនួនក៏រងគ្រោះ ដោយសាររងឥទ្ធិពលពីវេបសាយអាសអាភាសនោះដែរ។ លោកថា៖ «ការបិទវេបសាយជារឿងល្អមួយហើយ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការទប់ស្កាត់សកម្មភាពជួញដូរកុមារបន្ថែមទៀត ព្រោះវេបសាយមួយចំនួន មិនមែនបង្កើតឡើង ដើម្បីចែកចាយព័ត៌មានត្រឹមត្រូវទេ គឺបង្កើតឡើងដើម្បីផលប្រយោជន៍នៃការជួញដូររូបអាសអាភាសរបស់កុមារ ស្ត្រី ឬការជួញដូរផ្លូវភេទ»។ លោកយល់ថា ការបិទវេប សាយទាំងនេះ ក៏ជាផ្នែកមួយក្នុងការកាត់បន្ថយការរំលោភបំពានលើកុមារផងដែរ។ លោកថា៖ «នេះគ្រាន់តែជាចំណែកមួយទេ រដ្ឋាភិបាលត្រូវមានវិធានការបន្ថែមទៀត ត្រូវបង្កើនយន្តការនៃការទប់ស្កាត់ ការបង្ក្រាប ការជួញដូរផ្លូវភេទលើកុមារ ការជួញដូរវីដេអូអាសអាភាស»។ លោកសំអាត ក៏បានកត់សម្គាល់ផងដែរថា ការផ្តល់កម្ចីឥណទានតាមប្រព័ន្ធអនឡាញ ក៏ជាផ្នែកមួយនៃការជួញដូរវីដេអូអាសអាភាសកុមារផងដែរ ដើម្បីជាថ្នូរនឹងការផ្តល់ប្រាក់កម្ចី។ លោកថា៖ «ថ្មីៗនេះ មានការរីករាលដាលជាច្រើន ទាក់ទិននឹងកម្ចីអនឡាញហើយការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញមួយចំនួន ជាការរំលោភបំពានទៅលើសិទ្ធិស្ត្រី ឬកុមារ ពីព្រោះការឱ្យកម្ចីខ្លះ មានការឱ្យថតរូបអាក្រាតកាយ ជាថ្នូរផ្តល់កម្ចីប្រាក់ នេះជាមុខរបរ ឬអាជីវកម្មរបស់ឈ្មួញទៅលើស្ត្រី និងកុមារ»។

ទន្ទឹមនេះដែរ ន.ទ.ក បានអំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ជូន ន.ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គម Facebook: “និយតករទូរគមនាគមន៍កម្ពុជា Telecommunication Regulator of Cambodia” នូវគេហទំព័រ និង យូអអិល ណាមួយដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ហើយ ន.ទ.ក នឹងរក្សាការសម្ងាត់ជូន។

នាយកប្រតិបត្តិអង្គភាពការពារកុមារ (Child Protection Unit) លោក James McCabe ថ្លែងថា ការបិទវេបសាយទាំងនោះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់វីដេអូអាសអាភាសកុមារក្នុងប្រទេសកម្ពុជា។ លោកថា៖ «នេះគឺជាការចាប់ផ្តើម និងជាកាយវិការដ៏ល្អ ហើយខ្ញុំចូលរួមសាទរជាមួយរដ្ឋាភិបាលកម្ពុជា ដែលបានបិទចោលវេបសាយទាំងនោះ ព្រោះវាជាគេហទំព័រដ៏ធំ ដែលអាចមានរឿងអាសអាភាសជាច្រើន និងអាចបង្កជាបញ្ហាដល់កុមារ»៕

website_news/2021141203.txt · Last modified: 2021/12/14 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki