website_news:2021150102

ពលករ លួចឆ្លងដែនម្នាក់ អស់ជិត ១ពាន់បាត តែត្រូវតម្រួតថៃចាប់!

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១៩:០៤ ប៊ុន ធឿន

បន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រី ចំនួន ៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ ត្រូវបានតម្រួតថៃ ចាប់នៅចម្ងាយពីព្រំដែនជិត ១គីឡូម៉ែត្រ ក្នុងទឹកដីថៃ កាលពីវេលាម៉ោង ៥ជិតភ្លឺ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកអារ័ញ្ញ ខេត្តស្រះកែវ។ មន្ត្រីការងារព្រំដែន បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរ ទាំង ៨នាក់នោះ មានស្រី ៥នាក់ និងកុមារ ៣នាក់ បានជិះក្នុងរថយន្តថៃ ដឹកចេញពីព្រំដែន ត្រូវបានតម្រួតថៃ ស្ទាក់ចាប់បាន នៅចម្ងាចជិត ១គីឡូម៉ែត្រ ពីព្រំដែនថៃ-កម្ពុជា ហើយត្រូវបាននាំយក ទៅដាក់ប៉ុស្តិ៍តម្រួតយោធា នៅស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ មន្ត្រីដដែល បានបញ្ជាក់ថា នៅពេលដែលតម្រួតថៃឃាត់រថយន្ត ១គ្រឿង ដែលដឹកពលករខ្មែរឆ្លងដែនដោយខុសច្បាប់ ហើយបានសាកសួរ ពលករខ្មែរទាំងនោះប្រាប់ថា ពួកគាត់ត្រូវថៅកែថៃ ណាត់អោយចូលទៅធ្វើការងារ តាមបន្ទាត់ព្រំដែន កាប់អំពៅ និងដកដំឡូងមីរឺច្រូតស្រូវ ហើយឆ្លងដែន ត្រូវបានមេខ្យល់ នាំឆ្លងដែនម្នាក់ អស់ជិត ១ពាន់បាត។ ឆ្លងដែនហើយ រថយន្តថៃ ចាំទទួលដឹកដល់កន្លែង។ តែពេលដឹកចេញពីព្រំដែន ត្រូវតម្រួតថៃ ចាប់បាន ហើយធ្វើចត្តាឡីស័ក ក្នុងប្រទេសថៃតែម្តង។

គួរបញ្ជាក់ថា ភាគីថៃ បានរឹតបណ្តឹងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ដើម្បីទប់ស្កាត់កូវីដ១៩ ហើយកម្ពុជា ក៏កំពុងមានវិធានការទប់ស្កាត់កូវីដ១៩ ដូចគ្នា ដោយដាក់ពង្រាយកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ។ ពលករខ្មែរ ត្រឡប់ពីប្រទេសថៃ រាល់ថ្ងៃ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្នុង ១ថ្ងៃ មិនជាង២០០នាក់ទេ។ ពលករទាំងនោះ ត្រូវបានពិនិត្យនៅច្រកព្រំដែន ហើយដឹកទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ៕ ដោយ៖ ប៊ុន ធឿន

website_news/2021150102.txt · Last modified: 2021/01/15 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki