website_news:2021150103

កូវីដ១៩៖ ខេត្តបន្ទាយមានជ័យប្រឈមនឹងការខ្វះមណ្ឌលធ្វើចត្តាឡីស័ក ខណៈពលករខ្មែរវិលមកពីថៃកាន់តែច្រើនឡើង

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 14/01/2021 - 08:29

គិតមកដល់ពេលនេះករណីឆ្លងជំងឺកូវីដ១៩ ទៅលើពលករខ្មែរមានការកើនឡើងជាបន្តបន្ទាប់ ក្រោយតែពីពលករខ្មែរបានត្រលប់ចូលប្រទេសវិញ បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ជាសហគមន៍នៅឯប្រទេសថៃកាលពីខែធ្នូកន្លងទៅ។ នៅចំពោះមុខការរាលដាលជាបន្តបន្ទាប់ អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ គឺខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹង នៅថ្ងៃនេះថា ខេត្តបន្ទាយមានជ័យបាននឹងកំពុងអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន តែអ្វីដែលគួរឲ្យបារម្ភ គឺខេត្តកំពុងប្រឈមនឹងការខ្វះមណ្ឌលសម្រាប់ឲ្យពលករធ្វើចត្តាឡីស័ក។ លោក លី សារី អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ស្ថានការណ៍កូវីដ១៩បច្ចុប្បន្ននៅឯខេត្តបន្ទាយមានជ័យ គឺកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ វិធានការសុវត្ថិភាព ដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលដែលខេត្តនៅជាប់ព្រំដែនជាមួយប្រទេសថៃនេះ កំពុងទទួលពលករខ្មែរត្រលប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់។ ក៏ប៉ុន្តែ បើតាមលោក លី សារី មណ្ឌលចត្តាឡីស័កនៅក្នុងខេត្តកំពុងចង្អៀតណែន ដោយសារតែមានពលករច្រើនត្រូវធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្នខេត្តក៏កំពុងយកវិទ្យាល័យសម្តេចឪមួយទៀត ធ្វើជាទីតាំងចត្តាឡីស័កបន្ថែម។ សរុបមកទល់ពេលនេះ ខេត្តបន្ទាយមានជ័យជាខេត្តដែលមានពលករខ្មែរវិជ្ជមានកូវីដ១៩ច្រើនជាងគេ ដោយក្នុងចំណោមពលករដែលរកឃើញមានជំងឺកូវីដ១៩ ទាំង៤១នាក់ ខេត្តបន្ទាយមានជ័យមាន២០នាក់។

រាប់ចាប់តាំងពីថ្ងៃទី៣១ធ្នូ ដែលកម្ពុជារកឃើញពលករខ្មែរមកពីប្រទេសថៃ មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់មក មកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩លើពលករខ្មែរ បានកើនឡើងដល់ទៅ៤១នាក់។ រីឯថ្ងៃទី១៤មករានេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជាពលករខ្មែរចំនួន៨នាក់ ដោយក្នុងនោះ មានស្រ្តី៤នាក់និងបុរសម្នាក់មកពីខេត្តបន្ទាយមានជ័យ ស្រ្តី២នាក់មកពីខេត្តសៀមរាប និងពលករជាស្រ្តីម្នាក់ពីខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលនៅថ្ងៃទី១៤មករា២០២១នេះ។

គួរជម្រាបជូនថា តួលេខចុងក្រោយនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ដល់ពេលនេះ មានចំនួន ៤១១នាក់ ដោយក្នុងនោះមានអ្នកជាសះស្បើយ៣៧៧នាក់ និងអ្នកកំពុងព្យាបាល៣៤នាក់។ នេះបើតាមក្រសួងសុខាភិបាល៕

website_news/2021150103.txt · Last modified: 2021/01/15 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki