website_news:2021150104

រដ្ឋាភិបាល នឹងផ្តល់ជំនួយដល់ពលករនៅប្រទេសម៉ាឡេស៊ីដែលនៅក្រោមភាពអាសន្ន

https://www.khmertimeskh.com/ តាំង រីនិត្យ / Khmer Times

រដ្ឋាភិបាលនឹងផ្តល់ជំនួយដល់ពលករចំណាកស្រុកកម្ពុជាដែលត្រូវការជំនួយក្នុងពេលប្រទេសម៉ាឡេស៊ីស្ថិតក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា«នៅពេលពលករចំណាក ស្រុករបស់យើងត្រូវការជំនួយ យើងនឹងជួយពួកគេ»។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានជាក់លាក់ទេ។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងនៅពេលដែលអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលផ្តល់ជំនួយដល់ពលករចំណាកស្រុកកម្ពុជា បន្ទាប់ពីប្រទេសម៉ាឡេស៊ីប្រកាសអំពីការដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីម្សិលមិញ។

ការប្រកាសរបស់ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីព្រឹកម្សិលមិញបានកើតឡើងអំឡុងពេល ដែលមានការកើនឡើងចំនួនករណីវិជ្ជមាននៃជំងឺកូវីដ-១៩ គួរឲ្យព្រួយបារម្ភ ដែលកាលពីម្សិលមិញឃើញថាចំនួនករណីវិជ្ជមានបានកើនឡើងដល់ ១៣ ០០០ នាក់និងករណីស្លាប់មានចំនួន ៥៥៥ នាក់ជាមួយនិងប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ មុនមួយថ្ងៃ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសរឹតបន្តឹងការរឹតត្បឹតជំងឺកូវីដ-១៩ ដាក់រដ្ឋចំនួន ៥ និងទឹកដីសហព័ន្ធចំនួន ៣ ក្រោមបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ (MCO) ម្តងទៀតក្នុងរយៈពេល ២សប្តាហ៍។ ហើយក៏ត្រូវបានគេរាយការណ៍ផងដែរថាការដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងមានរយៈពេលរហូតដល់ខែសីហា ឬមុន អាស្រ័យលើស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតខ្មែរថាមស៍លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបាននិយាយថា នេះគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ពលករចំណាកស្រុកនៅប្រទេសម៉ាឡេស៊ីដែលអស់រយៈពេលជាច្រើនខែមកហើយដែលបានទទួលរងផលប៉ះពាល់ពីការកើនឡើងនៃជំងឺកូវីដ-១៩។

លោកបន្តថា៖ «ពលករកម្ពុជាភាគច្រើននៅប្រទេសម៉ាឡេស៊ីបានទទួលរងនូវបញ្ហាហិរញ្ញវត្ថុ ដោយសារនិយោជករបស់ពួកគេបានបញ្ឈប់ការងារដោយសារវិបត្តិសេដ្ឋកិច្ច»។ លោកបន្ថែមថាពលករមួយចំនួនថែមទាំងបានចាប់ផ្តើម រស់នៅតាមចិញ្ចើមផ្លូវដោយសារពួកគេមិនមានលទ្ធភាពជួលកន្លែងស្នាក់នៅ ហើយមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងកន្លែងដែលផ្តល់ដោយអតីតនិយោជករបស់ពួកគេ។ លោកនិយាយថា៖ «ឥឡូវនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន វានឹងកាន់តែអាក្រក់ទៅៗសម្រាប់ពលកររបស់យើង ជាពិសេសដោយសារពួកគេមិនអាចវិលត្រឡប់មកផ្ទះវិញដោយសារការហាមឃាត់របស់រដ្ឋាភិបាលកម្ពុជាលើជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី»។

យោងតាមក្រសួងការងារ បច្ចុប្បន្នមានប្រជាជនកម្ពុជា ២៥ ១៤៩ នាក់កំពុងរស់នៅនិងធ្វើការនៅប្រទេសម៉ាឡេស៊ី។ នៅពេលក្រុមហ៊ុនកាត់បន្ថយប្រាក់ខែ និងការងារ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ពលកររាប់ពាន់នាក់ដែលទទួលបានប្រាក់ឈ្នួលទាប និងមានជំនាញទាបនៅក្នុងប្រទេសម៉ាឡេស៊ីគឺជាអ្នកដែលងាយរងគ្រោះជាងគេ។ អង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយនៅក្នុងរបាយការណ៍មួយថាមានករណីពលករចំណាកស្រុកត្រូវបានបញ្ឈប់ដោយអយុត្តិធម៌ ឬមិនទទួលបានប្រាក់ឈ្នួលនៅពេលដែលមានការបិទប្រទេសលើកដំបូងដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសនៅក្នុងខែមីនា។ ILO ក៏បាននិយាយផងដែរថា វិធានការណ៍គាំទ្ររបស់រដ្ឋាភិបាលម៉ាឡេស៊ីភាគច្រើនមិនបានជួយដល់ពលករចំណាកស្រុកទេ ហើយសហជីព និងអង្គការដទៃទៀតបានចូលរួមជួយដល់ពលករចំណាកស្រុករួមទាំងការចែកចាយអាហារ និងការផ្តល់កន្លែងស្នាក់នៅដល់ពួកគេផងដែរ។ ទន្ទឹមនឹងនេះ ជើងហោះហើរដែលចេញពីប្រទេសម៉ាឡេស៊ីត្រូវបានហាមឃាត់មិនឲ្យចុះចតនៅប្រទេសកម្ពុជាចាប់តាំងពីខែកក្កដាឆ្នាំ ២០២០ ។

លោក មឿន តុលា បានស្នើរដ្ឋាភិបាលឲ្យផ្តល់ជំនួយបន្ទាន់ដល់ពលករចំណាកស្រុកកម្ពុជា ដើម្បីឲ្យពួកគេអាចរស់បានក្នុងពេលលំបាកនេះ។ លោកបាននិយាយថា៖ «ជាបឋម រដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីគួរតែផ្តល់នូវស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដល់ពលករចំណាកស្រុកកម្ពុជាដែលគ្មានការងារធ្វើ។ ទីពីរ ស្ថានទូតគួរតែជួយកម្មករចរចាជាមួយម្ចាស់ដីរបស់ពួកគេដើម្បីបញ្ចុះថ្លៃឈ្នួលសម្រាប់ការស្នាក់នៅរបស់ពួកគេដែលមានសារៈសំខាន់ណាស់នៅពេលនេះ»។ លោកបន្ថែមថាទោះបីជាការរៀបចំសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ពលករចំណាកស្រុកកម្ពុជាដែលគ្មានការងារធ្វើអាចជាដំណោះស្រាយដ៏ល្អបំផុតក៏ដោយ ក៏វាមិនអាចកើតឡើងបានដែរនៅពេលនេះដោយសារតែការរឹតត្បិតការធ្វើដំណើរដែលបានកំណត់ដោយប្រទេសកម្ពុជា និងម៉ាឡេស៊ី។ លោកបន្ថែមថា៖ «ជម្រើសល្អបំផុតគឺស្ថានទូតកម្ពុជាស្នើរដ្ឋាភិបាលម៉ាឡេស៊ីបញ្ចូលពលករចំណាកស្រុកទៅក្នុងកម្មវិធីកញ្ចប់ជំនួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលម៉ាឡេស៊ី»។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននិយាយថាសម្រាប់ពេលនេះ រដ្ឋាភិបាលមិនមានគម្រោងធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកកម្ពុជាពីប្រទេសម៉ាឡេស៊ីទេ។ លោកបន្តថា៖ «យើងមានគោលការណ៍ច្បាស់លាស់ព្រោះស្ថានភាពរាតត្បាតនៅដំណាក់កាលនេះមិនអំណោយផលសម្រាប់យើងទេ។ ដូច្នេះខ្ញុំសូមស្នើដល់ប្រជាជនកម្ពុជារបស់យើងឲ្យមានភាពអត់ធ្មត់ រក្សាភាពស្ងប់ស្ងៀម អនុវត្តអនាម័យឲ្យបានល្អ និងអនុវត្តតាមវិធានការបង្ការដែលបានដាក់ចេញដោយរដ្ឋាភិបាលម៉ាឡេស៊ី»។ នៅពេលសួរអំពីអ្វីដែលស្ថានទូតកម្ពុជាអាចធ្វើបានដើម្បីជួយដល់ពលករចំណាកស្រុកនៅប្រទេសម៉ាឡេស៊ី លោកបានបង្វែរសំណួរនេះទៅក្រសួងការបរទេស។

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021150104.txt · Last modified: 2021/01/15 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki