website_news:2021150105

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរ៦នាក់ក្នុងពេលចល័តទីតាំងធ្វើការខុសបម្រាមរបស់ថៃ

https://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2021-01-14

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរ ៦នាក់ ក្នុងពេលដែលពួកគេធ្វើដំណើរជាមួយថៅកែ ដើម្បីទៅធ្វើការងារនៅខេត្តភាគឥសានរបស់ប្រទេសថៃ កាលពីថ្ងៃទី១២ មករា។ អាជ្ញាធរថៃបានបញ្ជូនពលករទាំងនោះទៅឃុំខ្លួន ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់។ មន្ត្រីសង្គមស៊ីវិលយល់ថា ករណីនេះប្រសិនបើអាជ្ញាធរខ្មែរមិនជួយពលករទាំងនោះទេ គឺពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ២ឆ្នាំ។ ពលករខ្មែរទាំង៦នាក់នោះ មានមនុស្សពេញវ័យ ៥នាក់ និងកុមារម្នាក់។ ពួកគេបានឆ្លងដែនចូលមកប្រទេសថៃតាមច្រករបៀងព្រំដែនក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ មករា។

សារព័ត៌មានរបស់ថៃ (Thai Reference) ចុះផ្សាយនៅរសៀលថ្ងៃទី១២ មករាថា អាជ្ញាធរថៃចាប់ពលករទាំងនោះក្នុងពេលពួកគេធ្វើដំណើរជាមួយថៅកែជនជាតិថៃពីរនាក់ប្ដីប្រពន្ធ នៅខេត្តសាកុនណាក់ខនSakunnakorn នៅភាគឥសាន ដែលមានចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រពីក្រុងបាងកក។ អាជ្ញាធរថៃបានបញ្ជូនពលករទាំងនោះទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់ បន្ទាប់ពីសាកសួរពួកគេកាលពីរសៀលថ្ងៃទី១២ មករា។ អាជ្ញាធរថៃបានចោទប្រកាន់ពួកគាត់ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ និងល្មើសបម្រាមរបស់ថៃ ដែលហាមឃាត់ចល័តទីតាំងពីខេត្តមួយទៅខេត្តមួយ អំឡុងការរាតត្បាតការរាតត្បាតជំងឺកូវីដ១៩។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក និងអ្នកនាំពាក្យក្រសួងការបទេស លោក កុយ គួង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ មករា ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។

អ្នកបកប្រែ និងធ្វើការងារផ្នែកការពារសិទ្ធិពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ថ្លែងថា នេះជាលើកទី១ហើយ ដែលអាជ្ញាធរថៃចាប់ពលករខ្មែរពេលពួកគេធ្វើដំណើរចល័តខុសទីតាំង អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ជាលើកទី២នៅប្រទេសថៃ។ លោកបារម្ភថា ពលករទាំងនោះប្រឈមនឹងជាប់ពន្ធនាគារប្រមាណ ២ឆ្នាំ ប្រសិនបើអាជ្ញាធរខ្មែរមិនបានជួយអន្តរាគមន៍ដល់ពួកគាត់ទាន់ពេលវេលានោះ៖ «ហើយភាគច្រើននោះគឺ តុលាការកាត់ក្ដីឱ្យជាប់ឃុំរយៈពេល២ឆ្នាំអីចឹងទៅ។ អានេះខ្ញុំគិតវា ហានិភ័យណាស់សម្រាប់ពលករដែលអត់ដឹងរឿង ហើយថៅកែនាំឆ្លងខេត្តឆ្លងអីនៅពេលដែលគេចាប់ទៅ ទោសគឺធ្ងន់នឹងថៅកែធ្ងន់ទាំងពលករ ហើយអត់មានការសម្របសម្រួលទេ។ ព្រោះថា នេះជាទោសមួយដែលបំពានច្បាប់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន»។ លោក ប្រាក់ ភក្ត្រា បន្ថែមថា មានពលករខ្មែរជាច្រើននាក់កំពុងអត់ការងារធ្វើ ហើយប្រឈមនឹងដាច់ស្បៀងអាហារនៅពេលដ៏ខ្លីខាងមុខ ដោយសារវិបត្តិជំងឺកូវីដ១៩ផ្ទុះឡើងជាលើកទី៏២នៅប្រទេសថៃ។

ចំណែកមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា វិញ លោកមានប្រសាសន៍ថា អាជ្ញាធរថៃបានដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយបានហាមឃាត់ពលករបរទេសមិនឱ្យចល័តចេញពីខេត្តមួយទៅខេត្តមួយនោះឡើយ។ លោកថា ពលករចល័តទីលំនៅអំឡុងពេលនេះប្រឈមនឹងទោសធ្ងន់ធ្ងរ បើអាជ្ញាធរថៃចាប់ពួកគេបញ្ជូនទៅតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៖ «អ៊ីចឹងកុំចាត់ទុកគាត់ជាជនល្មើស គាត់ជាជនរងគ្រោះពីអំពើជួញដូរអំពើកេងប្រវ័ញ្ចអ៊ីចឹង។ ជាការស្នើសុំរបស់ខ្ញុំមួយទៀត រដ្ឋាភិបាលប្រទេសទទួលក៏គួរតែយោគយល់ក្នុងកាលៈទេសៈហ្នឹងដែរ។ ពិសេសទៀតស្ថានទូតខ្មែរ គួរតែចាត់វិធានការយ៉ាងណាដើម្បីឆ្លើយតបចំពោះបញ្ហាទាំងអស់នេះកុំឱ្យពលរដ្ឋខ្មែររងគ្រោះទ្វេដង។ រងគ្រោះទី១ចាញ់បោកមេខ្យល់ រងគ្រោះទី២ត្រូវបានគេចាប់ដាក់ពន្ធនាគារ»។ លោកបន្ថែមថា ពលករខ្មែរមិនគួរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះឡើយ ព្រោះប្រឈមនឹងអាជ្ញាធរថៃចាប់ពួកគេដាក់ពន្ធនាគារផង និងអាចឆ្លងជំងឺកូវីដ១៩ផង។

រដ្ឋាភិបាលថៃបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី២៨ កុម្ភៈ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ច្បាប់នេះហាមឃាត់ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាជាច្រើននាក់ និងរៀបចំពិធីដែលមានមនុស្សច្រើនជាដើម។ អំឡុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ននេះ រដ្ឋាភិបាលថៃបានបង្កើនការត្រួតពិនិត្យតឹងតែងនៅខេត្តជាប់ព្រំដែនកម្ពុជា និងជាប់ទីក្រុងបាងកក ដោយហាមឃាត់មិនឱ្យមានការចល័តពលករបរទេសឡើយ។ អ្នកល្មើសច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុក ២ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត ឬប្រមាណ ១ពាន់ ៣០០ដុល្លារអាមេរិក។

របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរស្របច្បាប់ និងមិនស្របច្បាប់ ប្រមាណពី ១លាន ៨សែននាក់ ទៅ២លាននាក់ ធ្វើការនៅប្រទេសថៃ៕

website_news/2021150105.txt · Last modified: 2021/01/15 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki