website_news:2021150106

ខេត្តឧត្តរមានជ័យ និងបាត់ដំបង ទទួលបានថវិកាបន្ថែមសម្រាប់ការគ្រប់គ្រងពលករមកពីថៃ

https://thmeythmey.com/ 14, Jan 2021 , 11:29 pm ដោយ: សៅ សុខអេង

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់ថវិកាចំនួន៨០០លានរៀលដល់អភិបាលខេត្តឧត្តរមានជ័យ និងចំនួន២០០លានរៀលទៀតដល់អភិបាលខេត្តបាត់ដំបង។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ ដោយបន្ថែមថា ថវិកាទាំងនេះគឺសម្រាប់ឲ្យខេត្តទាំងពីរនេះផ្គត់ផ្គង់ដល់ពលករខ្មែរដែលមកពីប្រទេសថៃ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ទំហំថវិកាទាំងនោះគឺរដ្ឋាភិបាលកម្ពុជាបានប្រគល់ឲ្យទៅតាមតម្រូវការរបស់អភិបាលខេត្តនីមួយៗ ដើម្បីគ្រប់គ្រងលើពលករខ្មែរមកពីប្រទេសថៃដែលមានសន្ទុះកើនឡើង។«ធម្មតាគាត់ប្រគល់ជូនអ៊ីចឹងហើយ គាត់នឹងយកទៅចាត់ចែងយកទៅប្រើប្រាស់។ បើសិនគាត់ប្រើប្រាស់ទៅ វាខ្វះខាតនូវចំណុចណា កន្លែងណា គាត់នឹងបន្ថែមឲ្យទៀតហើយ។ គាត់(រដ្ឋាភិបាល)ធ្លាប់បានផ្តល់ថវិកាឲ្យពីមុន ប៉ុន្តែវាអត់គ្រប់ ពីព្រោះពលករយើងមានកំណើន»។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន។

លោក លី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ឲ្យខេត្តឧត្តរមានជ័យនេះ ខាងអភិបាលខេត្តនឹងយកទៅចាត់ចែងទិញម្ហូបអាហារដល់ពលករចំនួនជាង២២០០នាក់ ដែលមកពីប្រទេសថៃ ដោយបច្ចុប្បន្នពួកគេកំពុងតែធ្វើចត្តាឡីស័កនៅកន្លែងចត្តាឡីស័កចំនួន១១។ បើតាមលោក លី រ៉ាដូ គិតត្រឹមថ្ងៃទី១៤ ខែមករានេះមានពលករចំនួន២៥០០នាក់ហើយដែលបានធ្វើដំណើរមកពីប្រទេសថៃ ហើយចូលមកខេត្តឧត្តរមានជ័យ។

លោក ងួត រតនៈ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ថវិកាដែលខេត្តរបស់លោកទទួលបានពីរាជរដ្ឋាភិបាលនោះ អាជ្ញាធរខេត្តនឹងយកទៅចាត់ចែងលើការស្នាក់នៅ និងទិញម្ហូបអាហារឲ្យពលករមកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក។ «ថវិកានោះគឺសម្រាប់ទិញអាហារ៣ពេល ជូនគាត់ ពេលដែលគាត់ស្នាក់នៅ១៤ថ្ងៃក្នុងម្នាក់២ម៉ឺនរៀល។» នេះជាការលើកឡើងរបស់លោកអភិបាលខេត្តបាត់ដំបងដោយបញ្ជាក់ថា ខេត្តបាត់ដំបងបច្ចុប្បន្នមានពលករចំនួន២៥០០០នាក់ ហើយដែលបានវិលត្រឡប់ពីប្រទេសថៃ ដោយក្នុងនោះមានចំនួន១៤០០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក។

កន្លងមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។ ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រីក៏បានផ្តល់ថវិកាបន្ថែមចំនួន៧០០លានរៀលទៀតដល់ខេត្តចំនួន៤ ដែលនៅជាប់ព្រំដែនប្រទេសថៃ។ ក្នុងនោះខេត្តប៉ៃលិនចំនួន២០០លានរៀល ខេត្តបាត់ដំបង២០០លានរៀល ខេត្តបន្ទាយមានជ័យចំនួន២០០លានរៀល និងខេត្តឧត្តរមានជ័យ១០០លានរៀល។ កាលពីថ្ងៃទី១២ ខែមករា សម្តេចក៏បានផ្តល់ថវិកាចំនួន៥០០លានរៀលទៀតដល់ខេត្តបន្ទាយមានជ័យ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនទាន់មានតួលេខពលករសរុបដែលមកពីប្រទេសថៃមកកម្ពុជាសម្រាប់គិតត្រឹមថ្ងៃទី១៤ ខែមករានេះនៅឡើយទេ។ ប៉ុន្តែលោកស្រី មានតែតួលេខពលករសរុបដែលគិតត្រឹមថ្ងៃទី៧ ខែមករា មានចំនួន១២០៨៨ម៉ឺននាក់ ក្នុងនោះមានស្រីចំនួនជាង៥ពាន់នាក់។

បច្ចុប្បន្នអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៤១១នាក់ ក្នុងនោះ៣៥នាក់ ជាពលករមកពីថៃ។ អ្នកសះស្បើយឡើងដល់៣៧៧នាក់។ អ្នកកំពុងសម្រាកព្យាបាល៣៤នាក់ មាន២០នាក់នៅពេទ្យបង្អែកបន្ទាយមានជ័យ ៦នាក់នៅប៉ៃលិន ២នាក់នៅបាត់ដំបង និង៦នាក់នៅមណ្ឌលកំចាត់ជំងឺរបេងរាជធានីភ្នំពេញ៕

website_news/2021150106.txt · Last modified: 2021/01/15 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki