website_news:2021150201

ដាក់បញ្ជាឲ្យរកមេខ្លោង ក្រោយមានពលករមកពីថៃ ធ្លាយធ្វើដំណើរមកដល់ខេត្តតាកែវ

https://www.kampucheathmey.com/ on February 14, 2021By Dy Bunnara

តាមសារតេឡេក្រាមនៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែនបានចេញបទបញ្ជាជាថ្មីឲ្យរឹតបន្តឹងច្រកតាមព្រំដែន ក្រោយមានពលករខ្មែរមកពីថៃ ត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់នៅខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័កនៅនឹងកន្លែងតាមការណែនាំរបស់រដ្ឋាភិបាល។ អាជ្ញាធរត្រូវរកមេខ្លោង ឬមូលហេតុយ៉ាងណា ទើបពលករទាំងនោះអាចធ្វើដំណើររាប់សិបគីឡូម៉ែត្រធ្លាយមកដល់ខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ជាហានិភ័យអាចបង្កការឆ្លងរាលដាលចូលសហគមន៍សារជាថ្មី។ “ហេតុអីឲ្យធ្លាយរបៀបនេះ ត្រូវសួរចម្លើយ អ្នកណានាំផ្លូវ ដើម្បីចាត់ការមេខ្លោងទៀត បើមិនចឹងមិនទេ អន្តរាយជាមិនខាន”។

សម្តេចតេជោក៏ឲ្យកម្លាំងតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រួតពិនិត្យច្រកចេញចូល រៀបចំកម្លាំងល្បាតឲ្យបានម៉ឺងម៉ាត់បំផុត។ កន្លងទៅនេះប្រមុខរដ្ឋាភិបាល បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីថៃចល័តទៅតាមខេត្តខាងក្រោមទៀតឡើយ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមព្រំដែនតែម្ដង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ជាថ្មីម្ដងទៀត។ ក្រោយរឹតបន្តឹងការធ្វើចត្តាឡីស័កលើពលករឆ្លងចេញចូល ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញពលករជាបន្តបន្ទាប់បានឆ្លងកូវីដ ១៩ ពេលធ្វើដំណើរចូលប្រទេសវិញ ស្របពេលដែលថៃកំពុងផ្ទុះការឆ្លងចូលសហគមន៍ នាំឲ្យការបិទខេត្តមួយចំនួន៕ អត្ថបទ៖ ប៊ុណ្ណារ៉ា

website_news/2021150201.txt · Last modified: 2021/02/15 13:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki