website_news:2021150203

ពលករខ្មែរធ្វើការនៅថៃមិនសូវសម្បូរការងារធ្វើក្នុងពេលប្រទេសនេះជួបវិបត្តិជំងឺកូវីដ១៩

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2021-02-12

ពលករខ្មែរធ្វើការនៅប្រទេសថៃ មិនសូវសម្បូរការងារធ្វើហើយពេលខ្លះថៅកែ បើកលុយយឺតទៀតផងក្នុងពេលប្រទេសថៃជួបវិបត្តិជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារនេះជំរុញទៅរដ្ឋាភិបាលគួរមានគោលនយោបាយជួយអន្តរាគមន៍ដល់ពលករខ្មែររាប់ម៉ឺននាក់ដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិនេះ។ ជាសំឡេងត្អូញត្អែររបស់ពលករខ្មែរមួយក្រុមធ្វើសំណង់នៅប្រទេសថៃ។ ការត្អូញត្អែរនេះក៏ព្រោះតែពួកគាត់ត្រូវក្បិតក្បៀតក្នុងការហូបចុកប្រចាំថៃ ក្នុងពេលប្រទេសថៃកំពុងជួបវិបត្តិជំងឺកូវីដ១៩។ ត្រីអណ្ដែងអាំង ពងទាចៀន ត្រីកាម៉ុងចំហុយ ជ្រលក់ស្វាយខ្ចីទាំងនេះជាម្ហូបរបស់ពលករខ្មែរមួយក្រុម កំពុងទទួលបាយថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសាក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងទីក្រុងបាងកក(Bangkok)ប្រទេសថៃ។

សម្បុរស្រអែម សក់រួញអង្គារដី លោក ឆៃ ង៉ុក ជាកម្មករផ្នែកកាត់ក្ដារ។ យុវជនវ័យ២១ឆ្នាំរូបនេះត្អូញត្អែរថា ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មកលោកមិនសូវមានការងារធ្វើជាប់លាប់នោះទេ។ លោកឱ្យដឹងទៀតថា លោកត្រូវដើររកការងារធ្វើពីកន្លែងមួយទៅកន្លែងមួយ។ កន្លែងការងារថ្មីដែលទើបធ្វើក្នុងទីក្រុងបាងកកនេះ លោកអាចទទួលបានប្រាក់កម្រៃ៣៥០បាត ឬជាង១០ដុល្លារក្នុងមួយថ្ងៃ។ «» មិនឆ្ងាយប៉ុន្មានពីលោក ឆៃ ង៉ុក ស្ត្រីម្នាក់កំពុងលើកឥដ្ឋដាក់លើរទេះ។ លោកស្រី ភ័ណ្ឌ សុផា ឱ្យដឹងស្រដៀងគ្នានេះដែរថា សព្វថ្ងៃលែងមានការងារថែមម៉ោងទៀតហើយ គឺបានត្រឹមការងារប្រចាំថ្ងៃប៉ុណ្ណោះ។ លោកស្រីឱ្យដឹងទៀតថា ពេលនេះមិនមានការងារថែមម៉ោងដូចនេះមុននោះទេ ហើយមានពេលខ្លះបើកលុយយឺតថែមទៀតផង ប៉ុន្តែនៅកន្លែងលោកស្រីធ្វើការមិនដែលជួបបញ្ហាថៅកែមិនបើកលុយឱ្យនោះទេ។ «» ពលករខ្មែរកំពុងធ្វើការងារនៅប្រទេសថៃពេលនេះកំពុងជួបបញ្ហាជាច្រើន គ្រាដែលវិបត្តិជំងឺកូវីដ១៩កំពុងរាតត្បាតនៅប្រទេសនេះ អ្នកខ្លះបាត់បង់ការងារ មិនសូវសម្បូរការងារ ពិបាករកការងារធ្វើ ថៅកែបើកលុយយឺត និងលែងមានការងារថែមម៉ោងដូចមុនជាដើម។ ចំណោមពលករខ្មែរប្រមាណ២លាននាក់ (២.០០០.០០០) កំពុងធ្វើការងារនៅប្រទេសថៃមានពលកររាប់ម៉ឺននាក់ជួបបញ្ហា។ ទោះនៅប្រទេសថៃកំពុងជួបវិបត្តិបែបនេះក្តី ពលករម្នាក់ យុវជន ស្រ៊ាង គឹមស្រ៊ង យល់ថា ទីផ្សារការងារនៅទីនេះមានភាពល្អប្រសើរជាងនៅកម្ពុជា។ លោករម្លឹកថា កាលពីលោកមិនទាន់បានការងារធ្វើនៅប្រទេសថៃ លោកបានព្យាយាមរកការងារធ្វើនៅខ្មែរប៉ុន្តែរកមិនទទួល ពេលខ្លះទៀតរកការងារបានហើយដាច់ខែថៅកែមិនបើកលុយឱ្យទៀត។ ពលកររូបនេះលើកឡើងថា ពេលនេះទាំងរូបលោកនិងពលករខ្មែរផ្សេងទៀតខិតខំសន្សំសំចៃក្នុងការចាយវាយប្រចាំថ្ងៃទើបអាចសល់លុយផ្ញើទៅឪពុកម្ដាយនៅស្រុកកំណើត ដែលកំពុងជំពាក់លុយធនាគារ។ «»ក្នុងការដ្ឋានសំណង់នេះ ក្រៅពីមានពលករខ្មែរធ្វើការក៏មានពលករជនជាតិផ្សេងទៀតដែរដូចជា ជនជាតិថៃ(Thailand) ភូមា(Burma) និងឡាវ(Laos)។ កម្មករធ្វើការងារតាមជំនាញរៀងៗខ្លួនដោយមានមេការចាំត្រួតពិនិត្យ។

សម្បុរខ្មៅ ពាក់មួកសរដើរចុះឡើងតាមកន្លែងកម្មករធ្វើការងារជាមេការជនជាតិខ្មែរគ្រប់គ្រងកម្មករជាង៦០នាក់ ក្នុងនោះមានពលករខ្មែរជាង២០នាក់។ លោក ម៉ិច សំណាង និយាយថា ការផ្ដល់ប្រាក់ឈ្មួលកម្មករគឺអាស្រ័យលើការឧស្សាហ៍ និងសមត្ថភាពរបស់កម្មករដោយចាប់ផ្ដើមពីតម្លៃ៣៥០បាតក្នុងមួយថ្ងៃឡើងទៅ ។ លោកលើកឡើងទៀតថា ទម្រាំរកការងារបានមួយកន្លែងៗមិនមែនជារឿងស្រួលទេ។ លោកថា ពេលនេះទាំងកម្មករ មេការ និងថៅកែគឺសុទ្ធតែជួបបញ្ហាធំគឺកង្វះសាច់លុយ។ លោកឱ្យដឹងថា ខែខ្លះថៅកែទម្លាក់លុយមកយឺតលោកត្រូវបង្ខំចិត្តយកលុយផ្ទាល់ខ្លួន ឬយកគ្រឿងអលង្ការរបស់ប្រពន្ធទៅបញ្ចាំងយកលុយមកបើកឱ្យកម្មករសិន។ «» មេការរូបនេះបន្តថា ទោះមានឧបសគ្គខ្លះៗក្ដី ប៉ុន្តែលោកសប្បាយចិត្តដែលលោកអាចរកការងារឱ្យកម្មករធ្វើបាន។

ទាក់ទងបញ្ហានេះដែរ មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារ លោក ឌី ថេហូយ៉ា សង្កេតឃើញថា វិបត្តិពលករខ្មែរមានដូចជា ការបាត់បង់ការងារ មានការងារធ្វើតិចជាងមុន បើកលុយយឺត ប្រឈមឆ្លងជំងឺកូវីដ១៩ ហើយបញ្ហាចុងក្រោយនេះគឺប្រឈមការចាប់ខ្លួនព្រោះគ្មានប្រាក់ចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់ចំពោះពលករខុសច្បាប់។ លោកយល់ថា បញ្ហាទាំងនោះរដ្ឋាភិបាល ឬស្ថានទូតកម្ពុជាត្រូវចេញមុខជួយពលករដោយមានយន្តការច្បាស់លាស់។ «» អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករ និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំការអត្ថាធិប្បាយជុំវិញក្ដីកង្វល់នេះបានទេ នៅថ្ងៃទី១១ ខែកុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។

ទោះយ៉ាងណា ខណៈពលករខ្មែរកំពុងជួបវិបត្តិនេះហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏មានបង្ហោះសកម្មភាពរបស់អគ្គរាជទូត ឬមន្ត្រីទូតចុះចែកអំណោយដល់ពលករនៅតាមតំបន់ខ្លះដែរ។ លោក ឌី ថេហូយ៉ា លើកឡើងថា សកម្មភាពរបស់អគ្គរាជទូត ឬមន្ត្រីទូតចែកអំណោយឱ្យពលករដែលស្ថានទូតបានធ្វើនោះមិនមែនជាដំណោះស្រាយល្អ និងយូរអង្វែងនោះទេ។ លោកយល់ថា ដំណោះស្រាយល្អគឺរដ្ឋាភិបាលត្រូវមានយន្តការគាំទ្រសង្គមដោយត្រូវមានស្ថិតិពលករប្រឈមច្បាស់លាស់ ដឹងពីតម្រូវការរបស់ពលករ និងឆ្លើយតបឱ្យបានត្រឹមត្រូវទៅពលករ៕

website_news/2021150203.txt · Last modified: 2021/02/15 13:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki