website_news:2021150204

ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ ១៤ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ!

http://cambodiapolice.com/policekh/ 11:52 am 12 កុម្ភះ 2021

ភ្នំពេញ ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងឲ្យដឹងថា ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ ១៤ ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកទៅប្រទេសចិន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ តាមច្រកអាកាសយាន្តដ្ឋានអត្តរជាតិភ្នំពេញ។ ក្មេងស្រីរងគ្រោះមានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីអនុវត្តវិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួចមក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយអង្គការសម្ព័ន្ធចាប់ដៃ បាននាំយកជនរងគ្រោះមកនាយកដ្ឋានដើម្បីធ្វើការសម្ភាសន៍ ស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដើម្បីឈានដល់ការនាំខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ក្មេងស្រីខាងលើត្រូវបានប្រគល់ជូនទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីស្ដារនីតិសម្បទា និងបញ្ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិនៅសហគមន៍វិញ។

សូមរំលឹកថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជនសង្ស័យជាមេខ្យល់ឆបោកនាំទៅប្រទេសចិនរយៈពេល ៤ ខែកន្លងមកហើយ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់គណនីហ្វេសប៊ុកខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយកន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកម្ចាស់គណនីហ្វេសប៊ុកខាងលើនោះ ។ តាមរយៈការទំនាក់ទំនងតាមទូរសព្ទ បុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែកន្លងមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាលនៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីជំនាញរបស់នាយកដ្ឋាន បាននិងកំពុងធ្វើការទំនាក់ទំនងសម្របសម្រួលផ្តល់ព័ត៌មានខាងលើទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីឈានដល់ការសម្របសម្រួលជាមួយអាជ្ញាធរចិនរៀបចំបែបបទបញ្ជូនក្មេងស្រីរងគ្រោះខាងលើឲ្យវិលត្រឡប់មកកម្ពុជាវិញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ថ្លែងថា សូមឲ្យក្រុមគ្រួសារនារីរងគ្រោះ មេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវក្នុងការបញ្ជូននារីរងគ្រោះមកកម្ពុជាវិញ ហើយភាពយឺតយ៉ាវនេះបណ្តាលមកពីតម្រូវការអនុវត្តនីតិវិធីក្នុងការចាត់បញ្ជូនជនរងគ្រោះ រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័កនៅប្រទេសចិនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ជាទិសដៅ សមត្ថកិច្ចនឹងអញ្ជើញជនរងគ្រោះមកសួរនាំស្វែងរកព័ត៌មានបន្ថែម ដើម្បីឈាងដល់អនុវត្តជំនាញធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដែលជាមេខ្យល់ ចាត់ការតាមច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាអាជ្ញាធរចិន ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដោះស្រាយគ្រប់សំណូមពររបស់នាយកដ្ឋានជំនាញ ទទួលបានជោគជ័យជាបន្តបន្ទាប់ និងពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕

website_news/2021150204.txt · Last modified: 2021/02/15 13:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki